(ក្រចេះ)៖ ក្រចេះជាន់ថ្មី ដីសន្តិភាព ផ្លូវស្ពានព្រោងព្រាត រំលេចវត្តមាន។ ជាអំណរក្រៃលែងសម្រាប់ពលរដ្ឋខេត្តក្រចេះនៅដើមឆ្នាំ២០២៣នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់នូវចំណងដៃដ៏ពិសិដ្ឋ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីដោះស្រាយការលំបាក ការធ្វើដំណើរប្រចាំថ្ងៃ។ នេះជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏សម្បើមសម្រាប់អ្នកខេត្តក្រចេះ ដែលមិនធ្លាប់មាននោះឡើយ។
ស្ពានឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ គឺជាសមិទ្ធផលកើតចេញពីការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ។ មកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប១១ហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពាន និងផ្លូវ ដែលចិនជួយ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣នេះ គឺជាខួប ៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏កំពុងរកឥណទាន ដើម្បីសាងសង់ផ្លូវមួយខ្សែត្រើយខាងលិចទន្លេមេគង្គក្នុងខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេញមួយជីវិតរបស់សម្តេច គឺដៃម្ខាងប្រឹងប្រែងរកសន្តិភាព ការពារសន្តិភាព និងដៃម្ខាងទៀត ត្រូវប្រឹងប្រែងអភិវឌ្ឍប្រទេសបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលស្ពានត្រូវបានដាក់ឱ្យប្រើប្រាស់ ការលំបាករបស់ប្រជាពលរដ្ឋត្រូវកាត់បន្ថយ។ ក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសង់ស្ពាននេះ។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា សម្តេចបានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន នឹងសម្រេចលើកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត រួមមានផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងបាវិតជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះ ជាខេត្តមួយត្រូវប៉ាន់សម្រាប់ឆ្នាំថ្មី លើហេដ្ឋារចនាសម្ព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវក្នុងខេត្តក្រចេះប្រមាណ ៤ខ្សែទៀត នឹងត្រូវសិក្សា និងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣។ ផ្លូវនោះរួមមាន ផ្លូវលេខ៧៣ ភ្ជាប់ពីត្បូងឃ្មុំ មកក្រចេះ, ផ្លូវលេខ ៣៧៧ ភ្ជាប់ពីក្រចេះ ទៅស្រុកសំបូរ, ផ្លូវលេខ២៧៧ ពីសណ្តាន់ ទៅសង្គម, និងផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៣០០ ដល់គីឡូម៉ែត្រលេខ៣១ រង្វង់មូលក្រចេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ប្រជាពលរដ្ឋខេត្តក្រចេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកាលពីខែមិថុនា ឆ្នាំ២០២២។ សម្តេចតេជោ សង្ឃឹមមុតមាំថា អ្នកខេត្តក្រចេះ នឹងទៅតែបន្តបោះឆ្នោតគាំទ្របក្សប្រជាជននៅខែកក្កដា ឆ្នាំ២០២៣។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតគាំទ្របក្សប្រជាជន គឺគាំទ្រដល់ដំណើរសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងមិនមែនជាដៃគូបក្សប្រជាជន ហើយក៏គ្មានឱកាសដឹកនាំរាជរដ្ឋាភិបាលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជានឹងទទួលបានអ្នកទេសចរចិន ២លាននាក់ឡើងវិញ ក្រោយពេលចិនបើកឱ្យពលរដ្ឋចេញក្រៅប្រទេស។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការសាងសង់ស្ពានឆ្លងទន្លេមេគង្គ នឹងទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុនសាងសង់ ក៏ដូចជាអាជ្ញាធរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងគ្មានអ្វីមករំខានដល់ដំណើរការសាងសង់ស្ពានឆ្លងទន្លេមេគង្គនោះឡើយ ហើយនឹងរួចរាល់តាមការគ្រោងទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រឹងប្រែងលើការងារសាងសង់ ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ។
* សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់កើតចេញពីគម្រោងសាងសង់នានា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអរសាទរជាមួយគ្រូ និងសិស្ស ដែលចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃនេះ។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា គ្រូ និងសិស្ស នឹងមានសុវត្ថិភាពពីជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង យកចិត្តទុកដាក់លើការអភិរក្សសត្វផ្សោត ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៃការអភិរក្សសត្វផ្សោត។
* សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជា កំពុងរីករាយនឹងកំណើតសេដ្ឋកិច្ចជាង ៥ភាគរយនៅឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ ចំណូលគយ ២៦៩០លានដុល្លារ (ស្មើ១០៤,៩៤%) និងពន្ធដារ ៣៤៥៥លានដុល្លារ (ស្មើ១២២,៥២%) ដែលសរុបចំណូលមានចំនួន ៦១៤៥លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព បានធ្វើឱ្យពលរដ្ឋដើរលេងកម្សាន្តឆ្លងឆ្នាំយ៉ាងរីករាយ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឱ្យរួមគ្នាការពារសន្តិភាព ព្រោះនៅមានជនប៉ុនប៉ងបំផ្លាញ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនារីមានទំនាក់ទំនងនឹងលោក ហ៊ុន ជា ដកខ្លួនចេញ។ សម្តេចតេជោ ហ៊ុន សែន សួរទៅលោក ហ៊ុន ជា ចង់បន្តពាក់ផ្កាយ ឬចង់អស់ផ្កាយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២០នាទីនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២៕