(ភ្នំពេញ)៖ លោក ឯល រ៉ាហ្វើត ជាប្រធានចលនាខ្មែរឥស្លាម របស់គណបក្សភ្លើងទៀន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានចេញមុខមកទម្លាយអំពីផែនការអាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលមានបំណងរៀបចំការប្រមូលផ្តុំដើម្បីបង្កភាពចលាចលនៅប្រទេសកម្ពុជា មុនការបោះឆ្នោតសកល នៅខែកក្កដា ឆ្នាំ២០២៣។
យោងតាមវិដេអូរបស់លោក ឯល រ៉ាហ្វើត ដែលបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះបានឲ្យដឹងថា «ក្រោយពីបានប្រជុំនៅសហរដ្ឋអាមេរិក នៅទីក្រុងឡូវែលហ្នឹង គឺគេដាក់យុទ្ធសាស្ត្រ ២សំខាន់ ទី១៖ គេឱ្យយើងពង្រឹង និងពង្រីករចនាសម្ព័ន្ធរបស់ភ្លើងទៀនឱ្យបានខ្លាំង ដើម្បីត្រៀមឱ្យលោកប្រធាន សម រង្ស៉ី ចូលស្រុកធ្វើម៉េចឱ្យបានមុនបោះឆ្នោត ដើម្បីបង្កចលាចលឱ្យបានចូលស្រុក ហើយអូសទាញកូនទាហាន នាយទាហានតូចតាចហ្នឹង ព្រោះគេដឹងថាអូសទាញថ្នាក់ដឹកនាំ មេៗអត់បានទេ អញ្ចឹងហើយគេរៀបចំកម្លាំងដើម្បីអូសទាញឱ្យពលទាហាន នាយទាហាន អមដំណើរលោកសម រង្ស៉ី តាមច្រកទល់ដែនខ្មែរថៃម្តងទៀត នៅមុនបោះឆ្នោត ធ្វើយ៉ាងណាឱ្យបាន។ ហើយយុទ្ធសាស្ត្រទី២ ប្រសិនបើចូលមិនបានមុនបោះឆ្នោតទេ គេនឹងរៀបផែនការទី២ នៅពេលដែលបោះឆ្នោតហើយ គេឱ្យគណបក្សភ្លើងទៀនហ្នឹងធ្វើម៉េចធ្វើការតវ៉ា មិនគាំទ្រ ដោយមានការដោះដូរ លោក សម រង្ស៉ី ចូលស្រុកឱ្យបាន ហ្នឹងដំណាក់កាលទី២ ដើម្បីអូសទាញបង្កើតចលាចល ដូចឆ្នាំ១៩៩៣ និង២០១៣»។
លោកបានសង្កត់បន្ថែមថា «យុទ្ធសាស្ត្រពួកគាត់២ បានដាក់ផែនការ ដោយសារខ្ញុំអាចចូលស្រុកខ្មែរបាន ព្រោះខ្ញុំបានលាលែងពីគណៈកម្មាធិការនាយក ពី (អតីត) គណបក្សសង្គ្រោះជាតិ អញ្ចឹងហើយបានគេឱ្យខ្ញុំមកចូលគណបក្សភ្លើងទៀន ធ្វើជាថ្នាក់ដឹកនាំភ្លើងទៀន ដើម្បីដឹកនាំកម្លាំងខ្មែរឥស្លាម ដែលរចនាសម្ព័ន្ធហើយនៅស្រុកខ្មែរនោះ ដើម្បីជួយភ្លើងទៀនឡើងវិញ»។
មូលហេតុនេះហើយ បានជាលោកសម្រេចចិត្តរាយការណ៍ជូនសម្តេចតេជោ ហើយលោកក៏បានគោរពស្នើសុំគោលការណ៍ពីសម្តេចថា តើឱ្យលោកបន្តនៅសហរដ្ឋអាមេរិកទៀត ដើម្បីស៊ើបការណ៍ ឬឱ្យលោកចេញប្រកាសចាកចេញភ្លាមៗនៅពេលនេះតែម្តង។
ជាមួយនោះដែរ លោក ឯល រ៉ាហ្វើត ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក យូ សិរីវុឌ្ឍ ដែលបានជួយក្នុងការព្យាបាលម្តាយ របស់លោក ហើយនៅមុនពេលដែលម្តាយរបស់លោកបានចែកឋាន ម្តាយរបស់លោកសុំឱ្យលោកបោះបង់ចោលគណបក្សប្រឆាំង ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលកសាងប្រទេស។
លោក ឯល រ៉ាហ្វើត បានលើកឡើងថា ថ្ងៃទី១៨ ខែធ្នូ លោកបានត្រឡប់ទៅសហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំជាមួយ លោក អេង ឆៃអ៊ាង លោកស្រី មូ សុខហួរ លោក ឡុង រី លោក នុត រំដួល និងប្រពន្ធគាត់ នៅថ្ងៃទី២១ ខែធ្នូ ២០២២៕