(ភ្នំពេញ)៖ លោក ឯល រ៉ាហ្វើត ជាប្រធានចលនាខ្មែរឥស្លាមរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ ដោយសារតែក្រុមប្រឆាំងគិតតែពីប្រឆាំង និងបង្កចលាចល ហើយមិនជួយអភិវឌ្ឍប្រទេសអ្វីទាំងអស់ គិតចង់តែបំផ្លាញជាតិ។
លោក ឯល រ៉ាហ្វើត បានរស់នៅជាមួយគណបក្សប្រឆាំងរយៈពេលជាង ២០ឆ្នាំមកហើយ ចាប់តាំងពីគណបក្សជាតិខ្មែរ គណបក្សសង្គ្រោះជាតិ រហូតដល់គញណបក្សភ្លើងទៀន។
លោកបានបញ្ជាក់ដូច្នេះថា៖ «មើលទៅវាអត់មានឃើញការរីកចម្រើនសោះ ឃើញតែប្រឆាំងៗ ដឹកនាំមនុស្សឱ្យធ្វើតែបាតុកម្ម ងាប់តែប្រជាជនគ្នាឯង មិនគិតអំពីការជួយអភិវឌ្ឍប្រទេសជាតិ អញ្ចឹងហើយបានខ្ញុំសម្រេចចិត្តដើរចេញ»។
លោកបានសុំទោសចំពោះថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនផងដែរ ដោយបញ្ជាក់ថា មិនមែនលោកអន់ចិត្តអ្វីទេ ដោយសារម្តាយរបស់លោក មុនចែកឋានទៅបានប្រាប់ផងដែរថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលពេលម្តាយលោកឈឺក៏គ្មាននរណាក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានជួយម្តាយរបស់លោកឡើយ។
លោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលម្តាយរបស់លោក កន្លងមក ហើយលោកនឹងអនុវត្តតាមបណ្តាំម្តាយលោក ដោយលោកមិនចង់រស់នៅជាមួយបក្សប្រឆាំង ដោយគិតតែប្រឆាំង មិនជួយប្រទេសជាតិនោះទេ។
លោកថ្លែងបន្ថែមថា «អញ្ចឹងហើយ ខ្ញុំសម្រេចចិត្តពេលនេះធ្វើសន្និសីទកាសែត ដើម្បីចូលរួមជាមួយគណបក្សប្រជាជន ដោយសារឃើញទង្វើរបស់គណបក្សប្រឆាំងពីមួយថ្ងៃទៅមួយថ្ងៃមិនមានការប្រែប្រួលទេ ឃើញតែប្រឆាំងៗ មិនគិតចង់ធ្វើអ្វីឱ្យប្រទេសជាតិជឿនលឿនទេ ដោយគិតតែធ្វើផែនការឱ្យ សម រង្ស៉ី ចូលស្រុក ធ្វើផែនការដើម្បីឱ្យកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន សិស្ស-និស្សិត ធ្វើការបះបោរ តើប្រឆាំងរវាងខ្មែរនិងខ្មែរបានប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិ»។
លោក ឯល រ៉ាហ្វើត បានស្នើសូមជ្រកក្រោមម្លប់សន្តិភាពរបស់សម្តេច និងបម្រើគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ ហើយលោកបានអំពាវនាវដល់ក្រុមការងារ និងថ្នាក់ដឹកនាំជាមួយលោក ដែលជាខ្មែរឥស្លាមដូចគ្នា នៅក្នុង និងក្រៅប្រទេស ឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកសូមឱ្យអ្នកទាំងនោះមានការភ្ញាក់រលឹក ហើយចាកចេញពីក្រុមប្រឆាំង ដែលគិតតែប្រឆាំងតែមួយមុខ គ្មានការរីកចម្រើនឡើយ។
លោកអះអាងថា លោកចង់ជួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំជំនាន់ក្រោយ ព្រោះមានតែបណ្ឌិតទេ ដែលជាទំពាំងស្នងឫស្សីបានយ៉ាងពិតប្រាកដ។ លោកបានប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីពេលនេះតទៅ។
ជាថ្មីម្តងទៀត លោកបានអរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ដែលបានអនុញ្ញាតឱ្យលោក ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមអភិវឌ្ឍប្រទេស៕