(កំពង់ឆ្នាំង)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រារព្ធទិវាខួបលើកទី៤៤ ថ្ងៃជ័យជំនះ ៧មករា (១៩៧៩-២០២៣) នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានមន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួមចំនួន ៤៩៨៩នាក់។

នៅក្នុងទិវាអបអរសាទរខួបលើកទី៤៤ ថ្ងៃ ៧មករា នេះ ក្រុមសិល្បៈនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក៏បានសំដែងនូវរបាំជូនពរ និងរបាំយុវជនសន្តិភាពដើម្បីអបអរសាទរនៅក្នុងពិធីនេះប្រកបដោយភាពរីករាយ។

លើកឡើងនាឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិខ្មែរតែមួយ ធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមខ្មែរ និងខ្មែរ មានសុខសន្តិភាពពេញបរិបូណ៌ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលសមិទ្ធិផលទាំងអស់នេះ មិនអាចកាត់ផ្ដាច់បានពីជ័យជំនះថ្ងៃ ៧ មករា ដែលបានមកពីការបូជាសាច់ស្រស់ឈាមស្រស់ ដែលជាវីរភាពរបស់យុទ្ធជន យុទ្ធនារីក្រោមការដឹកនាំរំដោះមាតុភូមិដោយផ្ទាល់ពីសម្ដេច និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ មានថ្ងៃ៧មករាទើបកម្ពុជាមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។

លោក ស៊ុន សុវណ្ណារិទ្ធ បានបន្ថែមទៀតថា ដូច្នេះដើម្បីឲ្យកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យបន្តទៀតនោះ យើងទាំងអស់គ្នា ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ សូមគាំទ្រយ៉ាងពេញ ទំហឹងចំពោះបេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៧ ខាងមុខនេះ និងសូមគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

នាឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល និងអស់លោក លោកស្រី រួមទាំងក្រុមការងារដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីខាងលើនេះ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤៤អង្គ ទៅតាមប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់និងកម្មាភិបាលយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋទាំងអស់ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិកម្ពុជា ដោយបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសម្ដេចទ្រង់ ឯកឧត្តម លោក លោកស្រីទាំងអស់នោះ បានសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានចែកម៉ូតូចំនួន ២៧គ្រឿង ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន២៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ៕