(ភ្នំពេញ)៖ ពិធីសម្ពោធខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន បានប្រព្រឹត្តទៅនៅនិវេសនដ្ឋាន នៃស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។
លោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក តានីណៃ អ៉ិឈិតូមុ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្លាស់ប្តូរនូវលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៉ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។
ក្នុងឱកាសនេះដែរ ក៏មានការចូលរួមជាអធិបតីពីសំណាក់លោកស្រីទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អឹអិណុ អាហ្សឹហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតតែងតាំង នៃប្រទេសជប៉ុនប្រចាំកម្ពុជា ផងដែរ៕