(ភ្នំពេញ)៖ ក្រុមហ៊ុនសាងសង់ China Construction Third Engineering Bureau បានបង្ហាញភាពខ្លាំងរបស់ខ្លួនលើការងារសាងសង់សំណង់នៅកម្ពុជា ដោយប្រើពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ អាចសម្រេចសង់អគារបានកម្ពស់មួយជាន់។ សម្រាប់ក្រុមហ៊ុន នេះការសាងសង់មួយក្នុងល្បឿនដ៏លឿន និងប្រកបដោយគុណភាពខ្ពស់។

ក្រុមហ៊ុនសាងសង់ China Construction Third Engineering Bureau កំពុងដំណើរការសាងសង់គម្រោង URBAN VILLAGE ដំណាក់កាលទី២។ ក្រុមហ៊ុនចាត់ទុកការសាងសង់ក្នុងល្បឿនដ៏លឿនលើគម្រោងខាងលើនេះ ជាកំណត់ត្រាថ្មីមួយសម្រាប់ល្បឿន នៃការសាងសង់ដោយទម្រអាលុយមីញ៉ូម នៅកម្ពុជា (Aluminum Formwork)។

គម្រោង URBAN VILLAGE ដំណាក់កាលទី២ ត្រូវបានវិនិយោគដោយក្រុមហ៊ុន URBAN HUB ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Kong Gold Group ដែលជារោងចក្រកាត់ដេរធំជាងគេលំដាប់ទី៥ នៅលើពិភពលោក និងផ្តល់ការងារដល់និយោជិតប្រមាណ ៥ម៉ឺននាក់។

គម្រោង URBAN VILLAGE ដំណាក់កាលទី២ ក្នុងប្រទេសកម្ពុជា មានកម្ពស់ជាង ៦០ជាន់ ហើយវាជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណោមអគារខ្ពស់ៗនៅកម្ពុជា និងអគារទទួលបានការទាក់ទាញថ្មីមួយនៅលើមហាវិថី សម្តេចហ៊ុន សែន ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនម៉ៅការ China Construction Third Engineering Bureau សាខាទី១ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់សាជីវកម្ម វិស្វកម្មសំណង់រដ្ឋចិន China Construction Third Engineering Bureau CO.,LTD ដែលជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជី «អ្នកម៉ៅការអន្តរជាតិធំជាងគេ ក្នុងចំណោមក្រុមហ៊ុនសាងសង់ប្រមាណ២៥០ នៅលើពិភពលោក។

ក្រុមហ៊ុននេះ បានទទួលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ហើយបច្ចុប្បន្ន កំពុងបន្តដឹកនាំការអភិវឌ្ឍឧស្សាហកម្មសំណង់ ក្នុងគម្រោងអគារខ្ពស់ៗនៅកម្ពុជា។

ខណៈគម្រោង URBAN VILLAGE ដំណាក់កាលទី២ កំពុងពន្លឿនដំណើរការសាងសង់គ្រោងឆ្អឺងអាគារនោះ គម្រោងនេះ ក៏ទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុនសាងសង់លើរៀបចំតុបតែង (Decor) ដើម្បីធ្វើឱ្យអគារនេះមានភាពល្អឥតខ្ចោះ ដល់ម្ចាស់គម្រោងដែលបានទិញខុនដូ ក្នុងគម្រោង URBAN VILLAGE ដំណាក់កាលទី២។ បន្ថែមពីលើការយកចិត្តទុកដាក់លើការតុបតែងនេះ នឹងជួយប្រទេសកម្ពុជាបង្កើត កន្លែងរស់នៅមួយដ៏ប្រណិត និងរីករាយសម្រាប់គ្រួសារខ្មែរដែលចូលបានទិញគម្រោងអគារខុនដូខាងលើនេះ៕