(បាត់ដំបង)៖ លោក ឯល រ៉ាហ្វើត អតីតប្រធានចលនាខ្មែរឥស្លាមរបស់គណបក្សភ្លើងទៀន រួមជាមួយលោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសកម្មជនរបស់ខ្លួនមកពីគណបក្សភ្លើងទៀននៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការចុះជួបជាមួយប្រជាពលរដ្ឋ និងសកម្មជនរបស់ខ្លួនមកពីគណបក្សភ្លើងទៀនខាងលើនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយពីការចាកចេញរបស់លោកពីគណបក្សភ្លើងទៀន ក្រោយអស់ជំនឿលើការដឹកនាំពីសំណាក់ទណ្ឌិត សម រង្ស៊ី ព្រមទាំងប្រាប់សកម្មជនទាំងនោះពីកលល្បិចនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំង ដែលចង់បំផ្លាញសន្តិភាពទំាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោតនៅកម្ពុជា។
ជាក់ស្តែងនៅថ្ងៃនេះលោក ឯល រ៉ាហ្វើត រួមជាមួយលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានចុះទៅជួបជាមួយបងប្អូនខ្មែរឥស្លាមប្រមាណ ៣០០នាក់ នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដើម្បីជម្រាបជូនដល់សកម្មជន និងបងប្អូនខ្មែរឥស្លាមចំពោះការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន ហើយលែងជាសមាជិកគណបក្សភ្លើងទៀតតទៅទៀតហើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ លោក យូ សិរីវុឌ្ឍ បានបញ្ជាក់ថា «នៅថ្ងៃនេះយើងបានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋជាសកម្មជន និងបងប្អូនខ្មែរឥស្លាម ដែលជាអតីត សកម្មជនគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ និងដែលធ្លាប់ដើរតាមលោក ឯល រ៉ាហ្វើត។ លោក ឯល រ៉ាហ្វើត ដែលធ្វើដំណើរមកនេះ ក្នុងគោលបំណងប្រកាសប្រាប់អ្នកដែល គាំទ្រគាត់ថាគាត់បានប្រកាស ផ្តាច់ខ្លួនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ»។
នៅក្នុងឱកាសនោះ បើតាមលោក យូ សីរីវុឌ្ឍ, ការប្រកាសចេញរបស់លោក ឯក រ៉ាហ្វើតនោះ គឺគាត់មិនអាចរស់នៅជាមួយគណបក្សភ្លើងទៀនបានទេ ដែលមានគោលនយោបាយបំផ្លាញសន្តិភាពសង្គមជាតិតាមរយៈនាំប្រជាពលរដ្ឋ ធ្វើការបាតុកម្មបះប៉ោ ហើយគាត់មកនេះ គឺប្រកាសប្រាប់ឲ្យដឹងពីឧបាយកលទាំងឡាយ ដែលក្រុមប្រឆាំងមានផែនការមិនត្រឹមត្រូវសម្រាប់អុកឡុកសង្គមជាតិហ្នឹង។
លោកថា ចំពោះការងារនេះ អតីតប្រធានចលនាខ្មែរឥស្លាមរបស់ គណបក្សភ្លើងទៀនរូបនេះ នឹងធ្វើដំណើរទៅតាមខេត្តផ្សេងទៀត ដើម្បីធ្វើការផ្សព្វផ្សាយពីការដើរចេញរបស់លោកពីគណបក្សប្រឆាំង និងបានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ហើយជាពិសេសនោះសូមអំពាវនាវឲ្យសកម្មជន ដែលធ្លាប់គាំទ្រលោក សូមចាកចេញពីបក្សភ្លើងទៀន និងមកចូលរួមជាមួយគណបក្សប្រជាជន។
សូមបញ្ជាក់ថា លោក ឯល រ៉ាហ្វើត ជាប្រធានចលនាខ្មែរឥស្លាមរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ដោយសារតែក្រុមប្រឆាំងគិតតែពីប្រឆាំង និងបង្កចលាចល ហើយមិនជួយអភិវឌ្ឍប្រទេសអ្វីទាំងអស់ គិតចង់តែបំផ្លាញជាតិ។ លោក ឯល រ៉ាហ្វើត បានរស់នៅជាមួយគណបក្សប្រឆាំងរយៈពេលជាង ២០ឆ្នាំមកហើយ ចាប់តាំងពីគណបក្សជាតិខ្មែរ គណបក្សសង្គ្រោះជាតិ រហូតដល់គញណបក្សភ្លើងទៀន។ លោកបានបញ្ជាក់ដូច្នេះថា៖ «មើលទៅវាអត់មានឃើញការរីកចម្រើនសោះ ឃើញតែប្រឆាំងៗ ដឹកនាំមនុស្សឱ្យធ្វើតែបាតុកម្ម ងាប់តែប្រជាជនគ្នាឯង មិនគិតអំពីការជួយអភិវឌ្ឍប្រទេសជាតិ អញ្ចឹងហើយបានខ្ញុំសម្រេចចិត្តដើរចេញ»។
លោកបានសុំទោសចំពោះថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនផងដែរ ដោយបញ្ជាក់ថា មិនមែនលោកអន់ចិត្តអ្វីទេ ដោយសារម្តាយរបស់លោក មុនចែកឋានទៅបានប្រាប់ផងដែរថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលពេលម្តាយលោកឈឺក៏គ្មាននរណាក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានជួយម្តាយរបស់លោកឡើយ។
លោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលម្តាយរបស់លោក កន្លងមក ហើយលោកនឹងអនុវត្តតាមបណ្តាំម្តាយលោក ដោយលោកមិនចង់រស់នៅជាមួយបក្សប្រឆាំង ដោយគិតតែប្រឆាំង មិនជួយប្រទេសជាតិនោះទេ។
លោក ឯល រ៉ាហ្វើត បានស្នើសូមជ្រកក្រោមម្លប់សន្តិភាពរបស់សម្តេច និងបម្រើគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ ហើយលោកបានអំពាវនាវដល់ក្រុមការងារ និងថ្នាក់ដឹកនាំជាមួយលោក ដែលជាខ្មែរឥស្លាមដូចគ្នា នៅក្នុង និងក្រៅប្រទេស ឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកសូមឱ្យអ្នកទាំងនោះមានការភ្ញាក់រលឹក ហើយចាកចេញពីក្រុមប្រឆាំង ដែលគិតតែប្រឆាំងតែមួយមុខ គ្មានការរីកចម្រើនឡើយ។
លោកអះអាងថា លោកចង់ជួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំជំនាន់ក្រោយ ព្រោះមានតែបណ្ឌិតទេ ដែលជាទំពាំងស្នងឫស្សីបានយ៉ាងពិតប្រាកដ។ លោកបានប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីពេលនេះតទៅ។ ជាថ្មីម្តងទៀត លោកបានអរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ដែលបានអនុញ្ញាតឱ្យលោក ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមអភិវឌ្ឍប្រទេស។
នៅក្នុងឱកាសជួបជាមួយសកម្មជនតាមខេត្ត លោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងរួមដំណើរជាមួយលោក រ៉ាហ្វើត ដើម្បីលើកទឹកចិត្ត និងសូមស្វាគមន៍ប្រជាពលរដ្ឋដែលគាំទ្រលោក រ៉ាហ្វើត និងជួយពន្យល់បន្ថែមពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះលោក យូ សិរីវុឌ្ឍ ក៏បានលើកឡើងផងដែរថា ពីកត្តាសុខសន្តិភាព។ សុខសន្តិភាពនេះហើយ ដែលនាំឱ្យមានការវិនិយោគ និងធានាមានការងារជូនប្រជាពលរដ្ឋនោះ។ ក្នុងន័យនេះទាំងលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដើម្បីមានការងារធ្វើបន្ត និងលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ។ ជាពិសេសរក្សាសុខសន្តិភាពឲ្យបាន។
នៅក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បន្តដឹកនាំប្រទេសជាជំហររក្សាសុខសន្តិភាព និងរក្សាការងារជូនប្រជាពលរដ្ឋទូទាំងប្រទេស៕