(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចាប់ផ្តើមធ្វើការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។
លើកឡើងក្នុងឱកាសចុះរៀបចំការប្រឡងនិងបើកកញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡង សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដឹកនាំក្រុមការងាររៀបចំការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ពិតជាមានសារសំខាន់ណាស់ ហើយជាគោលការណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ។
លោក តុប ឫទ្ធី បានបន្តថា ដើម្បីឱ្យការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព សម្រាប់វិញ្ញាសាប្រឡង គឺចេញដោយ គ.ជ.ប មានបិទឃ្លុំជិត ដែលមានលោកផ្ទាល់ជាប្រធានអនុគណៈកម្មការរៀបចំជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងការប្រឡងបានទទួលពី គ.ជ.ប តែម្តង ហើយជាគោលការណ៍ទូទៅការប្រឡងមាន៖ ការប្រឡងសំណួរសរសេរ-QCM ទាក់ទងនឹងមុខតំណែង និងសម្ភាសន៍ចំណេះដឹងទូទៅនឹងការងាបោះឆ្នោត។
ឆ្លៀតក្នុងឱកាសនោះ លោក តុប ឫទ្ធី ក៏បានថ្លែងអំណរគុណដោយសេចក្ដីគោរពដល់ក្រសួងស្ថាប័ន ដែលបានផ្ដល់ធនធានមនុស្សមកចូលរួមជាមួយ គ.ជ.ប ជាពិសេសក្រសួងអប់រំយុវជននិងកីឡាផងដែរ។
សូមបញ្ជាក់ដែរថា យោងតាមសេចក្តីជូនដំណឹង លេខ ០៨៧ គ.ជ.ប .ស.ជ.ណ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២គ.ជ.ប ត្រូវការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ១៧៥រូប សម្រាប់រាជធានី ខេត្តនីមួយៗត្រូវការជ្រើសរើស ចំនួន ០៧រូប សម្រាប់មុខតំណែងដូចខាងក្រោមនេះ
ទី១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ១រូប
ទី២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ១រូប
ទី៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ១រូប
ទី៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ១រូប
ទី៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ១រូប
ទី៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ១រូប
ទី៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ១រូប៕