(កំពង់ធំ)៖ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្សឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណ៧០០នាក់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អំពាវនាវដល់ប្រជាពលរដ្ឋបន្តថែរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើនលើកស្ទួយជីវភាព។
លោកស្រីបានលើកឡើងអំពីតម្លៃសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំថែរក្សាការពារសព្វថ្ងៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាមរតកសន្តិភាពនេះទាំងអស់គ្នា ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន ជំរុញជីវភាពរស់នៅ ព្រមទាំងមានឱកាសរៀបចំពិធីបុណ្យកម្សាន្តនៅទូទាំងប្រទេស ហើយសន្តិភាពបានផ្តល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលញ៉ាំងឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាលំដាប់។
លោកស្រីបានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន លើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានល្អប្រសើឆ្ពោះទៅមុខ។
លោកស្រីជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវយកចិត្តទុកដាក់ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង។
លោកស្រីបានផ្តាំផ្ញើដល់បងប្អូនត្រូវដាំបន្លែរួមផ្សំបន្ថែមនៅតាមផ្ទះរបស់ខ្លួន ដើម្បីជួយរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ និងមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលអោយមានការរាគរុះ បង្កជាជម្ងឺឆ្លងផ្សេងៗ ធ្វើអោយប៉ះពាលដល់សុខភាព និងសូមចូលរួមចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នាដើម្បីការពារជំងឺកូវីដ19 ដែលបំលែងថ្មី។
ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី ក៏បានចុះសួរសុខទុក្ខដល់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រ នៅសាលាបឋមសិក្សាទួលនាងសាវ និងផ្ដាំផ្ញើឲ្យសិក្សាសិស្សខិតខំរៀបសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងប្ញស្សីសម្រាប់ប្រទេសជាតិផងដែរ៕