(កំពង់ធំ)៖ ការសម្រេចចិត្តរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួ៩នាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនោះ ក៏បានជំរុញឱ្យសមាជិកសមាជិកាចំនួន៣៤រូបទៀតរបស់បក្សតូចតាចនេះនៅខេត្តកំពង់ធំ ក៏បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាតាមក្រោយដែរ។
ដើម្បីទទួលស្វាគមន៍សមាជិកសមាជិកាថ្មីឱ្យបានកក់ក្ដៅ ថ្នាក់ដឹកនាំគណបក្សប្រជាជនក៏បានធ្វើពិធីសំណេះសំណាលនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក ថោង ខុន សមាជិកគណៈកម្មការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ា យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោចុះជួយកសាងពង្រឹងសមាជិកបក្ស។
លោក លី សាម៉េត និងថ្នាក់ដឹកនាំបានចុះជួបសំណេះសំណាលជាមួយសមាជិកបក្សមកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៤នាក់ និងមានការចូលរួមពីអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ចំនួន១១១នាក់ផងដែរ។
លោក លី សាម៉េត បានឱ្យដឹងថា ការស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ ដោយសារតែកាលពីថ្ងៃទី១២ ខែមករា កន្លងទៅ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩នាក់បានសម្រេចចូលរួមជីវភាពនយោបាយផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្ស ទើបថ្ងៃនេះយើងបានរៀបចំពិធីប្រកាសជាផ្លូវការនេះឡើងតែម្តង។
លោក លី សាម៉េត បានផ្តាំផ្ញើថាឲ្យសមាជិកសមាជិកាថ្មីដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះត្រង់នឹងគណបក្សប្រជាជន បម្រើគោលនយោបាយរបស់គណបក្ស ហើយបក្សនឹងការពារសមាជិកវិញ ព្រោះថាចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លើសពីនេះ លោក លី សាម៉េត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយនឹងគណបក្សប្រជាជនកម្ពុជា គឺមិនរើសអើងនោះទេ។
ជាមួយគ្នានេះ កត្តាសំខាន់ឲ្យតែសមាជិកសមាជិកាមានឧត្តមគតិជាតិ និងស្រឡាញ់ជាតិ ប្រជាជនពិតប្រាកដ និងកុំយកបរទេសជាខ្នងបង្អែកនយោបាយ គឺអាចចូលរួមជាមួយនឹងគណបក្សប្រជាជនបាន ដើម្បីបម្រើប្រជាជន ហើយយើងត្រូវតែរួមគ្នាការពារសន្តិភាព និងការដឹកនាំរបស់សម្តេចតេជោ រួមគ្នាអភិវឌ្ឍជាតិ និងប្រជាជនឲ្យមានការរីកចម្រើនបន្តទៀត។
សូមរំលឹកថា មន្រ្តីគណបក្សភ្លើងទៀនចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងទី១២ ខែមករាកន្លងទៅ បានអះអាងថា សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គឺគ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង៕