(មណ្ឌលគិរី)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យប្រើប្រាស់ «សួនបច្ចេកវិទ្យាកសិកម្ម» នៃមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (ស៊ីសេន) ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួម ពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាកសិករ សរុបចំនួនប្រមាណ ១៥០នាក់។
លោក ថង សាវុធ បានឲ្យដឹងថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «សួនបច្ចេកវិទ្យាកសិកម្ម» នេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងគោលបំណងដើម្បី៖
១៖ ផ្តល់វឌ្ឍនភាពបច្ចុប្បន្នភាព គម្រោងរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ដែលបានអនុវត្ត នៃសួនបច្ចេកវិទ្យាកសិកម្ម និងសួនបច្ចេកវិទ្យា កសិកម្មខ្នាតតូច ដែលមជ្ឈមណ្ឌលបង្កើតឡើង តាំងពីឆ្នាំ២០១៦ ។
២៖ ប្រកាសបើកជាផ្លូវការ នៃពិធីសម្ពោធសួនបច្ចេកវិទ្យាកសិកម្ម ក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណងបម្រើតួនាទីជាវេទិកា សម្រាប់ដាក់បង្ហាញនូវយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីធ្វើប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា សួនបច្ចេកវិទ្យាកសិកម្មនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជាថ្នាលសម្រាប់រៀនសូត្ររបស់កសិករ និងតួអង្គពាក់ព័ន្ធ, ជាទីតាំងសម្រាប់ការស្រាវជ្រាវ, ជាថ្នាលសម្រាប់កម្មវិធីហាត់ការកសិកម្ម ដល់និស្សិត និងកសិករ, ជាកម្មវិធីសហការអនុវត្តសកម្មភាពជាមួយដៃគូ និងជាវេទិកាភ្ជាប់ទំនាក់ទំនង ជាមួយវិស័យឯកជន។
សួនបច្ចេកវិទ្យាកសិកម្មនេះ ស្ថិតក្នុងទីធ្លាមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ទើបតែចាប់ផ្តើមរៀបចំ សកម្មភាពប៉ុន្មានខែចុងក្រោយនេះ ដែលទាមទារនូវការរៀបចំ និងកែលម្អបន្ថែមទៀត ដើម្បីក្លាយជាទីតាំង កាន់តែប្រសើរមួយ សម្រាប់ចូលរួម និងបម្រើជាផលប្រយោជន៍ ដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅប្រទេសកម្ពុជា៕