(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃនេះ ដើម្បីចូលរួមប្រជុំជាមួយនឹងមេដឹងនាំសហភាពអឺរ៉ុប (EU) ដែលជាកិច្ចប្រជុំចុងក្រោយក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស ហើយក៏ជាកិច្ចប្រជុំចុងក្រោយដើម្បីសម្រេចរឿងចក្រភពអង់គ្លេសបោះឆ្នោតចាកចេញពី EU។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ ខែមិថុនា។
នៅក្នុងកិច្ចប្រជុំនេះ លោក Cameron នឹងជួបជាមួយក្រុមប្រឹក្សាសហភាពអឺរ៉ុប ដើម្បីអនុវត្តទៅតាមការប្រជាមតិ ក្នុងការបោះឆ្នោតចាកចេញពី EU។ ចំណែក EU ក៏មានកិច្ចប្រជុំមួយធំផងដែរ នៅថ្ងៃនេះ ប៉ុន្តែកិច្ចប្រជុំនោះពុំមានវត្តមានលោក David Cameron ឡើយ ព្រោះតែ EU ប្រជុំពិភាក្សាគ្នាទៅលើផលប៉ះពាល់ក្រោយពេលចក្រភពអង់គ្លេសចាកចេញពី EU រួមនឹងវិធានការផ្សេងៗមួយចំនួនទៀត។
អ្វីដែលសំខាន់នោះគឺនៅថ្ងៃនេះ EU នឹងបញ្ជាក់បន្ថែមឲ្យ លោក David Cameron ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស អនុវត្តទៅតាមមាត្រា ៥០នៃច្បាប់ EU និងចាកចេញឲ្យបានចាប់រហ័សបំផុត។
គួរបញ្ជាក់ផងដែរថា ការដាក់មនុស្សជំនួសលោក David Cameron នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ព្រមទាំងមេដឹកនាំគណបក្សអភិរក្សនិយម និងមេដឹកនាំចក្រភពអង់គ្លេស អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ៕