(ភ្នំពេញ)៖ សិស្សានុសិស្ស ប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន១១នាក់ ដែលរៀននៅតាមគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សារបស់រដ្ឋ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទទួលបានការលើកទឹកចិត្ត ពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយផ្តល់ជូននូវកុំព្យូទ័រ Laptop ម្នាក់១គ្រឿង សម្រាប់យកទៅសិក្សាបន្តទៀត។

ពីធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោក ចេង មុនីរ៉ា និងមានការចូលរួមពីលោក- លោកស្រី ជាអភិបាលរង, លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ, មាតាបិតា អាណាព្យាបាលសិស្សដែលជាប់និទ្ទេស A ទាំង១១នាក់ រួមនិងលោកនាយកសាលាផងដែរ។

ថ្លែងក្នុងពិធីនេះ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើឲ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្របន្តទៅទៀត ក្នុងក្របខ័ណ្ឌឧត្តមសិក្រា ដើម្បីអនាគត របស់ក្មួយៗ ទី១-ដើម្បីខ្លួនឯង, ទី២-ដើម្បីក្រុមគ្រួសារ យើង និងទី៣-ដើម្បីសង្គមជាតិរបស់យើង ហើយក៏មានន័យថា ក្មួយៗ បានសងគុណឪពុកម្ដាយ តាមរយៈការខិតខំរៀនសូត្រទទួលបានលទ្ធផលល្អ ធ្វើឲ្យឪពុកម្តាយ និងអាណាព្យាបាលមានកិត្តិយសបំផុត។

លោកអភិបាលខណ្ឌ បានបន្តថា បច្ចុប្បន្ននិងទៅអនាគតសង្គមជាតិរបស់យើង ត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនបន្ថែមទៀត និយាយរួម ការវិវឌ្ឍនៃចំណេះដឹងនិងបច្ចេកវិទ្យា មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ មិនចាំយើងទេ ដូច្នេះហើយ ក្មួយៗ ទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង រៀនសូត្រ បន្ថែមទៀត រហូតទៅដល់កម្រិត ថ្នាក់បណ្ឌិត។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានថ្លែងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនសិស្សរហូតដល់ប្រឡងជាប់បាក់ឌុប និងទទួលបាននិទ្ទេស A៕