(ភ្នំពេញ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា មិនមានការឈូសឆាយដើម្បីធ្វើផ្លូវ សម្រាប់ឡើងទៅកំពូលភ្នំខ្នងផ្សារនោះទេ ហើយការដ្ឋានដែលត្រូវបានគេចែកចាយរូបភាពនៅតាមបណ្ដាញសង្គមនោះ ឃើញមានការឈូសឆាយផ្លូវនោះ គ្រាន់តែជាការរៀបចំសម្រាប់តម្លើងបង្គោលភ្លើងឆ្លងកាត់ផ្នែកខ្លះ នៃផ្លូវឡើងទៅកំពូលភ្នំប៉ុណ្ណោះ។

ការចេញមកបញ្ជាក់របស់លោក វ៉ី សំណាង ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងឡើងភ្នំ ក្រោយមានការចែកចាយរូបភាពការដ្ឋានឈូសឆាយផ្នែកខ្លះ នៃតម្រាយផ្លូវឡើងទៅរម្មណីយដ្ឋានភ្នំខ្នងផ្សារ ស្ថិតក្នុងតំបន់រលាក់កងជើង ស្រុកឱរ៉ាល់។

លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ជូនថា បងប្អូនប្រហែលជាយល់ច្រឡំថា នេះជាគម្រោងរបស់រដ្ឋ ឬគម្រោងអ្វីមួយហើយ ប៉ុន្ដែមិនមែនទេដោយសារយើងរីកចម្រើនផ្នែកសេដ្ឋកិច្ច ជាពិសេសវិស័យរោងចក្រសហគ្រាស ដែលគេត្រូវការភ្លើងប្រើប្រាស់យ៉ាងច្រើន។ អញ្ចឹងយើងត្រូវរៀបចំអូសបង្គោលភ្លើង ដូច្នេះគាត់ត្រូវដឹកជញ្ជូនសម្ភារៈ ឧបករណ៍រៀបចំបង្គោល ដូច្នេះត្រូវឈូសផ្លូវនេះឡើងទៅ»

លោក វ៉ី សំណាង នៅតែបន្ដអះអាងថា រដ្ឋមិនមានគម្រោងណាមួយ ដើម្បីធ្វើផ្លូវឡើងទៅកាន់កំពូលភ្នំខ្នងផ្សារ ដែលជាទីតាំងតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនោះទេ។ លោកបានលើកនូវពាក្យស្លោកដែលអ្នកធ្លាប់ ទៅភ្នំខ្នងផ្សារនិយាយថា «ដើម្បីឃើញទេសភាពដ៏ស្រស់ស្អាត ត្រូវតែឆ្លងកាត់ផ្លូវដ៏លំបាក» ហើយការឡើងទៅតំបន់នេះ គឺមិនអាចវិលល្ងាចវិញបានឡើយ ពោលត្រូវតែឲ្យអ្នកដែលចូលចិត្តផ្សងព្រេង បានសម្រាកនៅលើកំពូលភ្នំតែម្ដង។

សូមជម្រាបថា ភ្នំខ្នងផ្សារ ជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

ពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។ ខ្យល់បកប៉ះរៀងកាយ សំលឹងមើលទៅឆ្ងាយបន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារស់ជាតិថ្មីមួយ សម្រាប់អ្នកទេសចរណ៍ដែលបានទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ»។

តែយ៉ាងណា ទំរាំបានទៅដល់កំពូលភ្នំ ភ្ញៀវទេសចរបានជួបនូវទុកលំបាកជាច្រើន តាមរយៈការធ្វើដំណើរដោយថ្នើរជើងប្រមាណជាង ៥ទៅ ៧ម៉ោង៕