(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ថ្កោលទោសចំពោះការបាញ់មីស៊ីល ឥតឈប់ឈរពីសំណាក់កូរ៉េខាងជើង ព្រមទាំងការបាញ់នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះផងដែរ។ សម្តេចតេជោ បានលើក​ឡើង​ទៀតថា ការបាញ់នេះ បានគំរាមកំហែងដល់សន្តិសុខនៅឧបទ្វីបកូរ៉េ ព្រមទាំង​ពិភព​លោកផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការថ្កោលទោសចំពោះ​ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានជម្រាបសម្តេចតេជោ ពីក្តីបារម្ភរបស់រដ្ឋាភិបាលកូរ៉េ ជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ការបាញ់មីស៊ីលនេះ ជាការគំរាមកំហែងដល់សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងលើពិភពលោក។

ឆ្លើយតបលើបញ្ហានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាតែងតែថ្កោលទោសចំពោះសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង ព្រោះវាជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, បង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូល។

លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងវិញ សម្តេចតេជោ បានជម្រាបជូន​លោក ផាក ថា កម្ពុជា ថ្កោលទោសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីល​ម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។ ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅ​ឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូល»