(ភ្នំពេញ)៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានតំណាងមជ្ឈ មណ្ឌល អភិវឌ្ឍន៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, ជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, តំណាងអង្គការ UN ESCAP ប្រចាំតំបន់, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កុមារ និងកាត់បន្ថយភាពក្រីក្រ នៃសាធារណៈរដ្ឋហ្វីជី និងស្ថាប័ន, អង្គការពាក់ព័ន្ធជាច្រើនទៀត សរុបជាង៧០០នាក់។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានរៀបចំធ្វើនៅទូស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក វង សូត បានបញ្ជាក់ថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងធ្វើការជជែកពិភាក្សាលម្អិតអំពីបញ្ហាប្រឈម និងកាលានុវត្តភាពលើវិស័យពិការភាព ដែលបានជួបប្រទះកន្លងមក សំដៅដោះស្រាយរួមគ្នា តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ របស់វាគ្មិនមកពីបណ្តាប្រទេសនានា សំដៅកសាងផែនការអនាគតមួយប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព។
សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»
សន្និសទីថ្នាក់អន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងរួមមាន៖
*ទី១៖ ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់
*ទី២៖ លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព
*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន
*ទី៤៖ ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។
រដ្ឋមន្រ្តី វង សូត បានបង្ហាញក្តីរំពឹងថា ក្រោយបញ្ចប់សន្និសីទរយៈពេល៣ថ្ងៃខាងមុខនេះ កម្ពុជានឹងទទួលបាន សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាពនឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព និងបង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជា និងជនមានពិការភាពនៅក្រៅប្រទេស។
គួរបញ្ជាក់ថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើងចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃក្នុងឆ្នាំ២០០៩ លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២ លើកទី៣ នៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែលកាលនោះសន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នាជាមួយ បណ្តាញការងារស្តារលទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕