(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (AFD) បន្តជួយកម្ពុជាលើការងារអភិវឌ្ឍន៍ធនធានមនុស្ស ទឹកស្អាត ហេដ្ឋរចនាសម្ព័ន្ធ (ផ្លូវ និងអគ្គិសនី) និងវិស័យកសិកម្ម។
សំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង។ លោក រ៉េមី រីយូ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងាររបស់លោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក រ៉េមី រីយូ បានគោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានៅពេលនេះ។ លោក រ៉េមី រីយូ បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចនេះ ដើម្បីចូលរួមអបអរសាទរ ៣០ឆ្នាំ នៃបេសកកម្មការងាររបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅកម្ពុជា។
លោក រ៉េមី រីយូ បានគូសបញ្ជាក់ថា រយៈពេល ៣០ឆ្នាំមកនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ សម្រាប់ការងារអភិវឌ្ឍន៍នៅកម្ពុជា។ បេសកកម្មរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានផ្តោតលើវិស័យសំខាន់ៗមានដូចជា វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី, វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល ព្រមទាំងការដាក់ឱ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស។
ក្នុងជំនួបនោះ អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង បានសុំការយោបល់ពីសម្ដេចតេជោ លើការងារដែលទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តធ្វើនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក រ៉េមី ក៏បានជម្រាបសម្ដេចតេជោ អំពីការបើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយការជួយកម្ពុជា លើបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់អគ្គិសនីកកើតឡើងវិញ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយកម្ពុជា លើវិស័យអាទិភាពដែលបារាំងកំពុងតែជួយស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងអគ្គិសនី។
សម្ដេចតេជោ ក៏បានជម្រាបលោក រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា។ ក្នុងនោះ កម្ពុជា កំពុងជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ។ ពាក់ព័ន្ធចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកង្វះម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និងកែច្នៃជាអង្ករសម្រាប់នាំចេញ។
សម្ដេចតេជោ ក៏បានលើកឡើងផងដែរ អំពីគោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃ សម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីច្បាប់វិនិយោគនៅកម្ពុជា ដែលមានភាពអនុគ្រោះខ្លាំង។ ជាពិសេសអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០ភាគរយ នៅកម្ពុជា ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ លើកទឹកចិត្តឱ្យអ្នកវិនិយោគបារាំង ពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជា។
ឆ្លើយតបនឹងអ្វីដែលជាសំណើរបស់សម្តេចតេជោនេះ លោក រ៉េមី បានជម្រាបសម្ដេចតេជោថា លោកបានកត់ត្រាទុករាល់អ្វីដែលសម្ដេចតេជោ បានចង្អុលបង្ហាញ ហើយលោក នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង បានធ្វើសកម្មភាពនៅកម្ពុជារយៈពេល ៣០ឆ្នាំមកហើយ លើការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ចាប់តាំងពីមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣មក ទីភ្នាក់ងារ AFD បានគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់កម្ពុជា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង និងប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនទូទៅ។
កម្មវិធីវិនិយោគនានា ដែលផ្តល់ហិរញ្ញប្បទានដោយ AFD ត្រូវបានបង្កើតឡើង និងអនុវត្តជាមួយដៃគូជាច្រើន ដែលជួយឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវសេវាកម្មមូលដ្ឋានផ្សេងៗដូចជា ពង្រឹងការគ្រប់គ្រងធនធានទឹក រួមចំណែកក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការកសាងធនធានមនុស្ស និងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព។
AFD ក៏បានធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវនានា និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ រយៈពេល ៣០ឆ្នាំកន្លងមកនេះ ក្រុមការងារ AFD បានរួបរួមគ្នាគាំទ្រដល់ផែនការអភិវឌ្ឍន៍របស់កម្ពុជា និងធ្វើសកម្មភាពរួមគ្នាជារៀងរាល់ថ្ងៃ ដើម្បីពិភពលោករួមមួយ៕