(ព្រះសីហនុ)៖ ជនជាតិឥណ្ឌូនេស៊ី ២៨នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា អន្តរាគមស្វែងរកឃើញ បន្ទាប់ពីមានបណ្តឹងតាមប្រព័ន្ធ Hotline ថាមានការបង្ខាំង។ ប៉ុន្តែបន្ទាប់ពីសាកសួរ សមត្ថកិច្ចបានរកឃើញថា ករណីនេះ មិនមែនជាការបង្ខាំងទេ ប៉ុន្តែពួកគេលាឈប់ពីការងារ និងស្នើត្រឡប់ទៅផ្ទះវិញ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថាឱ្យដឹងថា ការអន្តរាគមន៍ស្វែងរកជនជាតិឥណ្ឌូនេស៉ីទាំងនោះ ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងចំនួន ២ករណី ដោយក្នុងនោះចំនួន២៧នាក់ នៅខេត្តពោធិ៍សាត់ និង១នាក់ នៅខេត្តឧត្តរមានជ័យ។

លោកអះអាងថា ចំពោះករណីនេះ ពុំមែនជាករណីចាប់បង្ខាំង ធ្វើទារុណកម្មនោះទេ ប៉ុន្តែជនជាតិឥណ្ឌូនេស៉ីទាំង២៨នាក់នេះ ចង់លាឈប់ពីការងារ និងមានបំណងវិលទៅប្រទេសកំណើតវិញ។

បើតាមអ្នកនាំពាក្យ, គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវបឋម ចំនួន៧៤៥សំណើ និងបិទសំណុំរឿង ២៥៧សំណើ ក្នុងចំណោមសំណើស្ថិតក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម ស ខេង សរុប ៧៦០ករណី។ ក្នុងចំណោមសំណើទាំងនោះ សមត្ថកិច្ចរកឃើញមនុស្ស ១,១៤៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

សមត្ថកិច្ចកំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៥ករណីទៀតផងដែរ៕