(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្មក្នុងស្រុក សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនបរទេស។ ប៉ុន្តែ មិនមែនឱ្យបោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់នោះទេ។
ការលើកទឹកចិត្តបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ អ៊ឹចឹងទេចំណុចនៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តការខិតខំដើម្បីបន្តទៀត ប៉ុន្តែការនិយាយយ៉ាងដូច្នេះ មិនមែនឱ្យបោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ទេ នៅតែមានការលើកទឹកចិត្ត ក៏ប៉ុន្តែ ខ្ញុំចង់ចង្អុលបង្ហាញថាដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ច និងផលិតកម្ម ទាំងផលិតកម្មក្នុងស្រុក និងការទាក់ទាញវិនិយោគទាមទារឱ្យមានជំនាញ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តល់នូវការរៀបចំដើម្បីឱ្យបណ្តុះបណ្តាលសម្រាប់សិស្សក្រីក្រចំនួន ១.៥លាននាក់ ហើយក្នុងនោះអាចវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទទួលយកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការបណ្តុះបណ្តាលផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានជំនាញច្បាស់ គឺដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ដូច្នេះ ប្រសិនបើអ្នកវិនិយោគមកកាន់កម្ពុជា ប៉ុន្តែបែរជាយើងគ្មានអ្នកជំនាញវិជ្ជាជីវៈច្បាស់លាស់នោះនឹងមិនទទួលបានឱកាសការងារនោះទេ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការសប្បាយរីករាយដែលបានឃើញពីភាពជោគជ័យនៃការបណ្តុះបណ្តាលវិជ្ជាជីវៈនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីផងដែរ។
«ប៉ុន្តែ ដូចខ្ញុំបាននិយាយមិនមែនត្រឹមតែលើកទឹកចិត្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេ ថ្នាក់រៀនដទៃទៀត ដែលមានបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក៏នៅតែបន្តការលើកទឹកចិត្ត តែគ្រាន់តែចង្អុលបង្ហាញពីចំណុចអាទិភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈមិនត្រូវបោះបង់ចោលនោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕