(ភ្នំពេញ)៖ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ចិន បានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ក្រោមអធិបតីភាព លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងលោក Zhai Mu Qi (ចាយ មូ ឆី) អគ្គនាយកក្រុមហ៊ុន Global ecological rice (Cambodia) Co., Ltd. នៅសណ្ឋាគារសុខាភ្នំពេញ។
ជាមួយនឹងការចុះអនុស្សារណៈយោគយល់គ្នានេះដែរ លោក ប៉ក់ សម័យសុនីតិ បានបង្ហាញការយល់ឃើញថា កាលណាមានក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជាផ្នែកវិស័យកសិកម្ម គឺមានន័យថា កំណើនកសិផលនឹងអាចពង្រឹងសមត្ថភាពខ្លួន អាចយល់ដឹងពីតម្លៃនៃការផលិតរបស់ខ្លួន មានទីផ្សារ ដែលធ្វើឱ្យប្រជាជនមានទឹកចិត្តសប្បាយរីករាយ។
បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា ការចុះអនុសាធារណៈយោគយល់គ្នារវាងកម្ពុជា និងចិននេះ គឺជាការបង្ហាញពីទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ និងការវិនិយោគពីក្រុមហ៊ុនបរទេសធំៗ និងការនាំចេញផលិតផលកម្ពុជាទៅឆាកអន្តរជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
លោក ប៉ក់ សម័យសុនីតិ យល់ឃើញយ៉ាងដូច្នេះថា៖ «កាលណាយើងមានក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជាយើង មានន័យថា កំណើនកសិផលយើងនឹងអាចពង្រឹងសមត្ថភាពខ្លួន អាចយល់ដឹងពីតម្លៃនៃការផលិតរបស់ខ្លួន មានទីផ្សារ…ប្រជាជនមានទឹកចិត្តសប្បាយរីករាយ»។
លោក ប៉ក់ សម័យសុនីតិ បានគូសបញ្ជាក់ថា ការចុះអនុស្សារណៈរវាងកម្ពុជា និងភាគីចិននាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។
បើតាមលោក ជួ មករា បានលើកឡើងថា សហភាពមានសមត្ថភាពរឹងមាំ ក្នុងការស្វែងរកដៃគូកិច្ចចរចា និងពង្រឹងទំនាក់ទំនងទីផ្សារកសិកម្មជាមួយក្រុមហ៊ុនបរទេសធំៗកាន់តែច្រើន ដើម្បីនាំយកផលិតផលកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ ដោយឡែកការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិននេះ គឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចា ដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា តាមរយៈទំនាក់ទំនង និងកិច្ចចរចាជាមួយក្រុមហ៊ុនកន្លងមក ភាគីចិន និងកម្ពុជា មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាងណាសម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជាត្រង់ទៅប្រទេស ចិនតែម្តង ព្រមទាំងធ្វើឱ្យមានស្ថេរភាព រក្សាបានផលចំណេញចំពោះភាគីទាំងសងខាង និងជាពិសេស ធានាបានស្ថេរភាពទីផ្សារកសិផលសម្រាប់កសិករ។
លោក ជួ មករា បានគូសបញ្ជាក់ថា៖ «យើងត្រូវរៀបចំច្រើនណាស់ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន»។
លោក ចាយ មូ ឆី បានលើកឡើងថា មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ។
លោកបានបន្តថា ក្រុមហ៊ុននឹងចាប់ដៃជាមួយស្ថាប័នស្រាវជ្រាវគ្រាប់ពូជស្រូវកំពូលរបស់ប្រទេសចិន និងស្ថាប័នស្រាវជ្រាវគ្រាប់ពូជដំឡូងមី សហគ្រាសកែច្នៃស្រូវ (ឧស្សាហកម្មអង្ករ JinJian) រោងចក្រចំណីដំឡូងមី (Xin WuFeng) និងសហគ្រាសកែច្នៃដំឡូងមី (ឱសថ ErKang) ដើម្បីជួយដល់ប្រជាជនកម្ពុជាបង្កើនផលិតកម្មស្រូវ និងដំឡូងមីនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងពង្រីកផ្ទៃដីដាំដុះ បង្កើនតម្លៃពង្រីកការនាំចេញ ស្រូវ និងដំឡូងមី និងផលិតផលកែច្នៃ ដើម្បីជួយកសិករខ្មែរឱ្យផុតពីភាពក្រីក្រ និងបើកជំពូកថ្មីក្នុងការកសាងសហគមន៍ ចិន-កម្ពុជា ជាមួយគ្នាពេលអនាគត។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងនាំចេញផលិតផលកម្មជាច្រើនប្រភេទនាំចេញទៅកាន់ប្រទេសចិនរួមមាន៖ ផលិតផលស្រូវ អង្ករ ពោត សណ្តែកបាយ ចេក ស្វាយ ម្រេច កៅស៊ូធម្មជាតិ និងផ្លែមានជាដើម៕