(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ នឹងមិនលង់ជឿក្រុមប្រឆាំង ដែលដើរឃោសនាថា ​រដ្ឋាភិបាលបានកំណត់តម្លៃទំនិញនៅលើទីផ្សារ ដែលជាការ​អនុវត្តសេដ្ឋកិច្ចផែនការ ដូចប្រទេសកុម្មនិស្តបានអនុវត្តកាលពីជំនាន់មុននោះឡើយ។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ​បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងសេដ្ឋកិច្ចទីផ្សារ ដែលរាល់តម្លៃទំនិញទាំងអស់ គឺអាស្រ័យលើយន្តការទីផ្សារជាអ្នកកាត់សេចក្តី ដោយរាជរដ្ឋាភិបាលមិនអាចទៅកំណត់លើតម្លៃទំនិញបានឡើយ។

សម្តេចមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា​ បានឆ្លងផុតនូវដំណាក់កាលសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯងហើយ ដោយបានប្រែក្លាយទៅជាសេដ្ឋកិច្ចពាណិជ្ជកម្ម ពោលគឺពីមុនប្រជាពលរដ្ឋកម្ពុជា ផលិតត្រឹមតែ​ចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែឥលូវនេះ​ការផលិតរបស់ពួកគេគឺសម្រាប់ផ្គត់ផ្គង់ទៅលើតម្រូវការទីផ្សារ។

​សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសរអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានគូសបញ្ជាក់បន្ថែមថា៖ «ឥលូវនេះ គឺយើងកំពុងស្ថិតនៅក្នុងសេដ្ឋកិច្ចទីផ្សារ ​ដែលទីផ្សារនោះដើរតួនាទីជាអ្នកកាត់សេចក្តី​។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានៅទីនេះ ដែលទទួលបានការរៀនសូត្រ បំពាក់បំប៉នច្បាស់ជាមិនល្ងង់ ដោយរោយទៅតាមការឃោសនាអកុសល របស់ក្រុមមនុស្សមួយចំនួនដែលកំពុងធ្វើការឃោសនា ឬក៏លួចខ្សឹបឃោសនាថា រដ្ឋាភិបាលមិនទម្លាក់ថ្លៃភ្លើងទេ មិនកំណត់ថ្លៃភ្លើងទេ រដ្ឋាភិបាលមិនកំណត់ថ្លៃលើរបស់នេះរបស់នោះទេ។ ខ្លួនឯងស្អប់កុម្មុយនិស្តតែមកបង្ខំរដ្ឋាភិបាលឱ្យធ្វើកុម្មុយនិស្ត មានតែប្រទេសកុម្មុយនិស្តទេ ដែលកំណត់តម្លៃទំនិញ​ កំណត់អត្រាប្តូរប្រាក់ ហើយប្រទេសកុម្មុយនិស្តនោះ គឺស្ថិតសម័យឆ្នាំ៨០ ប៉ុន្តែប្រទេសកុម្មុយនិស្ត ក្រោយសម័យ៩០ អត់មានប្រទេសណាមួយដែលកំណត់តម្លៃទេ ទីផ្សារកាត់សេចក្តីទាំងអស់»

​ទន្ទឹមគ្នានេះ សម្តេចតេជោកត់សម្គាល់ថា បច្ចុប្បន្ននេះប្រទេសកុម្មុយនិស្ត​សុទ្ធតែអនុវត្តនូវសេដ្ឋកិច្ចបែបទីផ្សារ គឺប្រើប្រាស់យន្តការទីផ្សារជាអ្នកកាត់សេចក្តីលើតម្លៃទំនិញ។ តួយ៉ាងដូចជាប្រទេសចិន វៀតណាម ឡាវជាដើម ដែលជាប្រទេសកាន់របបកុម្មុយនិស្ត បានអនុវត្តសេដ្ឋកិច្ចទីផ្សារបានល្អជាងប្រទេសសេរីមួយចំនួនទៅទៀត​៕