(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានណែនាំដល់សិក្ខាកាមនៃវិទ្យាស្ថាននេះចូលរួមគោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលចេញទៅប្រកបការងារ និងមុខរបរតាមផ្នែកតាមវិស័យរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឡើង។

ការណែនាំបែបនេះរបស់លោក ឡី សុភាព ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈលើកទី៨ ជូនសិក្ខាកាម១៨៤នាក់នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ លោកបណ្ឌិតបានលើកឡើងពីការចូលរួមអនុវត្តគោលនយោបាយស្ដីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ពិសេសគឺមនុស្ស ដែលជាវិស័យអាទិភាព ហើយសមាគមនិងវិទ្យស្ថានរបស់លោកកំពុងរួមចំណែកអភិវឌ្ឍជាបន្តបន្ទាប់នេះ។

លោក ឡី សុភាព បានលើកឡើងថា សិក្ខាកាមដែលបានទទួលវិញ្ញាបនបត្រនេះ គឺជាកិត្តិយសដ៏ល្អប្រសើរសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ ក្រុមដែលនៅក្នុងវិស័យ និងប្រទេសជាតិផងដែរ ប៉ុន្តែត្រូវយកចំណេះជំនាញរបស់ខ្លួនយកទៅចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ពិសេសគឺចូលរួមអភិវឌ្ឍការងារ និងមុខរបរតាមផ្នែកតាមវិស័យរៀងៗខ្លួន។

លោកបានលើកពាក្យស្លោកថា «ចូលដើម្បីរៀន ចេញដើម្បីបម្រើ» មានន័យថា ប្រសិនបើចូលរៀនហើយ គឺត្រូវរៀនឱ្យចេះ ចេះទាំងទ្រឹស្ដី និងចេះជំនាញដើម្បីត្រៀមយកទៅអនុវត្ត ហើយបើចេញពីសាលាហើយ គឺត្រូវខិតខំប្រកបការងារ ឬប្រកបមុខរបរឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកពង្រីកសេដ្ឋកិច្ចគ្រួសារ និងបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ គោរពតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគឺប្រកាន់នូវការថែរក្សាការពារសន្តិភាព ព្រោះសន្តិភាពនឹងនាំមកនូវអ្វីៗទាំងអស់សម្រាប់គ្រប់គ្នា។

លោកបានបន្តថា ទោះបីចេញបម្រើការងារ ប្រកបមុខរបរយ៉ាងណាក៏ដោយ គឺត្រូវរៀនបំប៉នសមត្ថភាពបន្ថែម ដូចទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីការរៀនពេញមួយជីវិត ពីព្រោះការរៀនជាប់រហូតនេះនឹងនាំជាកម្លាំងបញ្ញាស្មារតីដល់ការរស់នៅរបស់អ្នកគ្រប់គ្នា។

លោកថា «យុវជនសេដ្ឋកិច្ច គឺត្រូវតែធ្វើសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង»

លោកបានផ្ដាំផ្ញើដល់សិក្ខាកាមត្រូវអនុវត្តការងារ និងប្រកបមុខរបរប្រកបដោយក្ដីសុចរិត និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ប្រការ គឺ៖
* មេត្តា៖ ការស្រឡាញ់រាប់អានគ្នាដោយសុទ្ធចិត្ត មិនប្រើអំពើហិង្សាដាក់គ្នា ការសណ្ដោសប្រណី។
* ករុណា៖ សេចក្ដីអាណិតអាសូរដល់គ្នា ការប្រាថ្នាចង់ឲ្យអ្នកដទៃបានសុខ។
* មុទិតា៖ ការមិនច្រណែនឈ្នានីសគ្នា ការត្រេកអរនឹងអ្នកដទៃបានសុខ។
* ឧបេក្ខា៖ ការតាំងចិត្តជាកណ្ដាលប្រកបដោយយុត្តិធម៌ មិនលម្អៀងដោយអគតិ៤ប្រការ មានឆន្ទាគតិ ទោសាគតិ មោហាគតិ និងភទាគតិ។

ក្រៅពីនេះក៏ត្រូវប្រកាន់នូវបុរាណាចាររខ្មែរដែលថា «ដើរឱ្យមាន៣ ស្រដីឱ្យមាន៤» ដើម្បីសម្រេចកិច្ចការទាំងពួងឲ្យបានល្អប្រសើរ៕