(ភ្នំពេញ)៖ សណ្ឋា គារលំដាប់ ផ្កាយ បួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បាន បើកសម្ពោធជាផ្លូវការ នៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងភ្ញៀវកិត្តិយសជាង៧០០នាក់។
អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា «ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ សម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់នៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នាពេលខាងមុខ ដែលនេះជាប្រយោជន៍ដ៏សំខាន់ក្នុងការចូលរួមបង្កើននិរន្តរភាពក្នុងវិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។»
អ្នកឧកញ៉ាក៏បានបន្ថែមទៀតថា ការនាំយកសណ្ឋាគារលំដាប់ពិភពលោកមួយនេះមកកម្ពុជា ដោយក្រុមហ៊ុនមាន ចក្ខុវិស័យវែងឆ្ងាយ និងឈរលើបន្ទាត់ស្របជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញសក្ដានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
លោក Jakob Helgen អនុប្រធានប្រចាំតំបន់ នៅប្រទេសថៃ វៀតណាម កម្ពុជា និង មីយ៉ាន់ម៉ា បានបញ្ជាក់ថា «ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង នាំយកយីហោ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត មកកម្ពុជា ហើយ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាសណ្ឋាគារដែលមានរចនាបថដ៏ប្រណិត និងស៊ីវិល័យតាមស្ដង់ដាអន្ដរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត មាន ប្រសាសន៍ ថា ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ, វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិ រហូតប្រមាណ ២,២៨ លាននាក់ ដែលជាកំណើនដល់ជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។ ប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាង ៦ ដង ក្នុងអំឡុងពេលដូចគ្នា ហើយកំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់ផងដែរ។ ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា៖ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោកបណ្ឌិតបន្តថា វត្តមានរបស់សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់អន្តរជាតិមួយនេះ គឺអាចនឹងចូលរួមពង្រឹងធនធានមនុស្សកម្ពុជា តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) និងការបង្កើនចំណេះដឹងបន្ថែម (Upskilling) ដល់បុគ្គលិក-និយោជិតរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានានៅកម្ពុជា ឱ្យទទួលបាននូវឱកាសការងារ ឬឱកាសចុះកម្មសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាលក្ខណៈស្តង់ដារអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ព្រមទាំងភ្ញៀវដែលចូលរួម បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការដើរទស្សនកិច្ចបរិវេណសណ្ឋាគារ ដែលភ្ជាប់ទៅដោយផ្ទាំងទេសភាព និងសោភ័ណភាពនៃទីក្រុងទាំងមូល នៅជាន់អាងទឹកលើអាកាស របស់ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។
គួរបញ្ជាក់ផងដែរថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មានភ្ជាប់ទៅដោយ ៣០០ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅចំកណ្ដាលរាជធានី៕