(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់កម្ពុជា តាមរយៈវីដេអូខ្លីបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ច្បាស់លាស់ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ទាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ជាមួយការប្តេជ្ញាចិត្ត ក្នុងការកសាងមិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនប្រកាន់យកប្រទេសតែមួយ ឬពីរជាមិត្តនោះឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា បទពិសោធន៍ពីអតីតកាល បានផ្តល់មេរៀនសម្រាប់កម្ពុជា ប្រសិនប្រកាន់ជំហរគៀកតែប្រទេសនេះ មិនធ្វើមិត្តជាមួយប្រទេសផ្សេងទៀត ច្បាស់ជាប្រទេសអាចនឹងរងការខ្ទេចខ្ទាំជាថ្មីមិនខាន។

លោកបន្ថែមថា អ្វីដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ប្រកាន់យក គឺជំហរខ្មែរដើម្បីខ្មែរ គ្មានការជ្រើសរើសប្រទេសណា ចោលប្រទេសណានោះឡើយ មានតែប្រឹងប្រែងកសាងមិត្តឲ្យកាន់តែច្រើន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនតែប៉ុណ្ណោះ។

តាមរយៈវីដេអូខ្លីលោកបណ្ឌិត ម៉ា ណែត បានថ្លែងយ៉ាងដូច្នេះថា «គេសួរថាតើកម្ពុជាគោលនយោបាយរបស់យើង បច្ចុប្បន្ននៅគៀកចិន ហើយទៅអនាគតនៅគៀកនរណា? ខ្ញុំថាមើលឲ្យច្បាស់គោលនយោបាយនៅកម្ពុជា អត់មាននៅគៀកចិនទេរាល់ថ្ងៃនេះ អត់មាននៅគៀកនរណាទាំងអស់ គឺអព្យាក្រឹត្យនៅកណ្តាល ក៏ប៉ុន្តែលើកទឹកចិត្ត និងប្តេជ្ញាចិត្ត ដើម្បីបង្កើតភាពជិតស្និទ្ធជាមួយគ្រប់ប្រទេសនេះបានត្រូវ។ ចិនក៏ជិត អាមេរិកក៏ជិត ជប៉ុនក៏ជិត ប្រទេសផ្សេងៗទៀតក៏ជិត ដែលយើងចង់បាន អីចឹងទៅថ្ងៃក្រោយក៏មិនខុសគ្នាដែរ ព្រោះដើម្បីផលប្រយោជន៍ខ្មែរយើង បើយើងធ្លាប់កាប់ចាក់គ្នាម្តងហើយពីឆ្នាំ៧០។ លោកខាងលិចអាមេរិកធំជាងគេ វាយជាមួយសហភាពសូវៀត រឿងសង្គ្រាមត្រជាក់ បានជាឈានដល់ការធ្វើរដ្ឋប្រហារនៅស្រុកយើង ទម្លាក់គ្រាប់នៅសង្គ្រាមវៀតណាម រាលដល់ស្រុកយើង ហើយបើយើងប្រកាន់ជំហរទៅរកពីណាពីណីទៀតយើងខ្ទេចហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺប្រកាន់ជំហរខ្មែរដើម្បីខ្មែរ រាជរដ្ឋាភិបាលខ្មែរ គណបក្សប្រជាជន គឺគ្មានបម្រើនរណា ក្រៅពីបម្រើជាតិ និងប្រជាជនខ្មែរនោះទេ»

លោកបញ្ជាក់ថា ការលើកឡើងរបស់លោកអាចនិយាយបាន តែសម្រាប់គណបក្សប្រជាជនកម្ពុជា ព្រោះជាគោលនយោបាយ ការដែលបានដាក់ចេញដោយគណបក្ស ដោយឡែកចំពោះគណបក្សផ្សេង គឺមានគោលនយោបាយផ្ទាល់របស់គេ៕