(ភ្នំពេញ)៖ សកម្មជនបរិស្ថាន ចំនួន២រូប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានចេញវីដេអូគាំទ្រចំពោះលោកបណ្ឌិត សាម អ៉ីន និងលោក សែម ហាក់ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​។

តាមរយៈវីដេអូ លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី និងលោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានចាត់ទុកថា ការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៉ីន និងលោក សែម ហាក់ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមបម្រើជាតិសមស្របនឹងជំនាញរបស់ខ្លួន។ បុគ្គលទាំង ២រូប នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

សូមជម្រាបថា លោកបណ្ឌិត សាម អ៉ីន ប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមេសា​ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំង ២រូប ហើយប្រកាសថា នឹងទូលថ្វាយព្រះមហាក្សត្រ ដើម្បីតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន៕

ខាងក្រោមនេះជាវីដេអូ៖