(ភ្នំពេញ)៖ ប្រធានយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានចេញវីដេអូបង្ហាញនូវការសាទរ ចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៉ីន និងលោក សែម ហាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ជួយបំពេញការងារក្នុងវិស័យបរិស្ថាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងបរិស្ថាន។
ប្រធានយុវជនសង្គមស៊ីវិលរូបនេះមានក្ដីសង្ឃឹមថា លោកបណ្ឌិត សាម អ៉ីន និងលោក សែម ហាក់ នឹងប្រើប្រាស់ចំណេះដឹង និងវិជ្ជាជីវៈរបស់ខ្លួនខិតខំបម្រើការងា រក្នុងវិស័យជំនាញ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាមួយនេះ។
លោក ហេង សំណាង បានអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងបណ្តាក្រុមការងារ NGO ដែលមាននិន្នការប្រឆាំងពីមុនៗ សូមសម្រេចចិត្តឡើងវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពិសេសគឺមានឱកាសបំពេញចំណេះដឹង ជំនាញវិជ្ជាជីវៈ និងរួមគ្នាអភិវឌ្ឍសង្គមជាតិយើងទាំងអស់គ្នា។
បើតាមលោក ហេង សំណាង នាពេលខាងមុខនេះ ក្រុមយុវជននឹងប្រកាសជាសាធារណៈម្តងទៀត អំពីការចូលរួមរបស់យុវជនសង្គមស៊ីវិល ក្នុងបុព្វហេតុសង្គមជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា៕