(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ បានចេញសេចក្តីណែនាំបំពេញបន្ថែម ទៅលើខ្លឹមសារនៃសេចក្តីសម្រេចណែនាំលេខ ៥៤៥៣/២២ ចុះថ្ងៃទី១៥ ខែវិច្ជិកា ឆ្នាំ២០២២ ស្តីពីបែបបទ នីតិវិធី សម្រាប់ការគ្រប់គ្រង ការបោះពុម្ភ ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការសុីវិល។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៏មាន Fresh news ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។
ការចេញសេចក្តីណែនាំបន្ថែមនេះ គឺដើម្បីសម្រួលដល់ដំណើរការនៃការគ្រប់គ្រង ការបោះពុម្ភ និងការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការសុីវិល ឲ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយក្រសួងបានធ្វើការណែនាំដូចខាងក្រាម៖
១៖ ការរៀបចំទិន្នន័យមន្ត្រីរាជការស៊ីវិលក្របខណ្ឌថ្មី
- ក្រសួង ស្ថាប័ន ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល សម្រាប់មន្ត្រីរាជការស៊ីវិលក្របខណ្ឌថ្មី ភ្ជាប់ជាមួយសំណើសុំអត្តលេខ មកក្រសួងមុខងារសាធារណៈ ដោយត្រូវភ្ជាប់មកជាមួយនូវ ចំនួនអង្គភាព
ចំនួនមន្ត្រី បញ្ជីឈ្មោះមន្ត្រី និងទិន្នន័យចាំបាច់ដទៃទៀតដែលក្រសួង ស្ថាប័នសាមីបានបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា នៃក្រសួងមុខងារសាធារណៈ។
- រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ និងអង្គភាពនៅថ្នាក់ក្រោមជាតិ ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី ភ្ជាប់ជាមួយសំណើសុំអត្តលេខមក មន្ទីរមុខងារ សាធារណៈរាជធានី ខេត្ត ដោយត្រូវភ្ជាប់មកជាមួយនូវចំនួនអង្គភាព ចំនួនមន្រ្តី បញ្ជីឈ្មោះមន្រ្តី និង ទិន្នន័យចាំបាច់ដទៃទៀត ដែលអង្គភាពសាមីបានបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ។
- ក្រោយពីទទួលបានសំណើពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ និងអង្គភាពនៅថ្នាក់ក្រោមជាតិ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ត្រូវពិនិត្យលើសំណើ ទិន្នន័យ និងឯកសារពាក់ព័ន្ធ រួចបញ្ចូនមកក្រសួងមុខងារសាធារណៈដើម្បីស្នើសុំការពិនិត្យសម្រេច។
២៖ ការផ្ដល់និងដាក់ឱ្យដំណើរការប័ណ្ណ
ក. បន្ទាប់ពីបានពិនិត្យ ផ្ទៀងផ្ទាត់ប័ណ្ណដែលបានបោះពុម្ពរួច ធនាគារត្រូវទំនាក់ទំនងទៅម្ចាស់ប័ណ្ណទទួលយកប័ណ្ណ និងដាក់ឱ្យដំណើរការប័ណ្ណ នៅសាខាធនាគារណាមួយដែលនៅជិតបំផុត។
ខ. ធនាគារត្រូវផ្ដល់បញ្ជីឈ្មោះមន្រ្តី អត្តលេខ និងលេខប័ណ្ណរបស់មន្ត្រីដែលបានទទួលប័ណ្ណ និងដាក់ឲ្យដំណើរការរួចជារៀងរាល់ខែមកក្រសួងមុខងារសាធារណៈដើម្បីរក្សាទុកជាឯកសារ។
៣៖ ការបោះពុម្ពប័ណ្ណឡើងវិញ
- ក្នុងករណីមានការបាត់បង់ ខូច ឬការផ្លាស់ប្តូរទិន្នន័យព័ត៌មានចាំបាច់របស់មន្ត្រីរាជការស៊ីវិលមុខងារសាធារណៈពិនិត្យឃើញថា មានការខុសទិន្នន័យជាលក្ខណៈបច្ចេកទេស (ឧទាហរណ៍៖ គោត្តនាម និងនាម
ជាអក្សរខ្មែរ ឬ/និងឡាតាំង ភេទ ថ្ងៃខែឆ្នាំកំណើត រូបថត អត្តលេខមន្ត្រីរាជការ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្ន គណនីបៀវត្ស និងឈ្មោះក្រសួង ស្ថាប័ន។ល។) មន្ត្រីម្ចាស់ប័ណ្ណត្រូវស្នើសុំធ្វើការកែតម្រូវ និងបោះពុម្ពឡើងវិញតាមរយៈសាមីអង្គភាព។ ក្រោយពេលទទួលបានពាក្យស្នើសុំ ក្រសួង ស្ថាប័នរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ និងអង្គភាពនៅថ្នាក់ក្រោមជាតិ ត្រូវរៀបចំបែបបទនៃការស្នើសុំមកក្រសួងមុខងារសាធារណៈដើម្បីបន្តនីតិវិធី៕