(ភ្នំពេញ)៖ ក្នុងឳកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី Samina KADWANI នាយិកាពហុប្រទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក នៃទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានប្តេជ្ញាជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្រសួងសុខាភិបាល និងគម្រោងផ្សេងៗ។
លោកស្រីនាយិកាក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងនានាបានទទួលជោគជ័យដោយរលូន។
លោកស្រីក៏បានស្នើសុំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការធ្វើឱ្យកាន់តែប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងកិច្ចសហការនានាជាបន្តទៀតរវាងក្រសួងសុខាភិបាល-UNOPS។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគាំទ្រចំពោះសំណើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាល-UNOPS។
លោករដ្ឋមន្ដ្រីក៏បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបេសកកម្មរបស់លោកស្រីនាយិកា ពហុប្រទេសប្រចាំតំបន់អាស៊ីអគ្នេយ៍ និងប៉ាស៊ីហ្វិក និងបានថ្លែងអំណរគុណដល់ UNOPS ដែលបានគាំទ្រក្រសួងសុខាភិ បាលតាំងពីឆ្នាំ២០១៣ តាមរយៈគម្រោងមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់។
លោករដ្ឋមន្ត្រីបានគូសរំលេចថា ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលបានរងនូវវិបត្តិកូវីដ-១៩ UNOPS បានចូលរួម ចំណែកសហការគាំទ្រការអនុវត្តគម្រោងជំនួយបន្ទាន់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលឧបត្ថម្ភថវិកាដោយប្រទេសជប៉ុន រួមមាន ១៖ការធ្វើលទ្ធកម្មម៉ាស៊ីនផលិតអុកស៊ីហ្សែនដាក់នៅមន្ទីរពេទ្យចំនួន១១ នៅទូទាំងប្រទេស, ២៖ការធ្វើលទ្ធកម្ម ម៉ាស៊ីន PCR ចំនួន៥គ្រឿង និងសម្ភារៈ បរិក្ខារមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តកូវីដ-១៩ និង ៣៖ការធ្វើលទ្ធកម្មផ្គត់ផ្គង់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រមួយចំនួនទៀត សរុបថវិកាជាង ១១លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ លោកស្រីនាយិកាពហុប្រទេសប្រចាំតំបន់ បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ចង្អុលបង្ហាញផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
លោកស្រីនាយិកា ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកអង្គការ សហប្រជាជាតិទាំងអស់ និងសមជិកគ្រួសារ ជាពិសេស បុគ្គលិក UNOPS ដោយឥតគិតថ្លៃ៕