(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានទាំងអស់ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំសិស្ស និស្សិតនៃវិទ្យាស្ថានធ្វើពិធីសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនិងចូលមកដល់នៅថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានេះ សិស្សនិ ស្សិតនៃវិទ្យាស្ថានទាំងអស់បានលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
លោក មុត ចិន្តា បានឲ្យដឹងថា ការរៀបចំកម្មវិធីថ្ងៃនេះ ធ្វើឡើងមានគោលបំណងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កើនការសាមគ្គីភាពផ្ទៃក្នុងទាំងលោកគ្រូអ្នកគ្រូសិស្ស និស្សិត នៅក្នុងវិទ្យាស្ថានទាំងអស់ ព្រមទាំងបង្កើនចំណងមិត្តភាពនិងបង្ហាញឲ្យមានភាពទាក់ទាញដល់សិស្សមកចុះឈ្មោះចូលរៀនឲ្យបានច្រើនបន្ថែមទៀត។
លោក មុត ចិន្ដា បានបន្តថា បច្ចុប្បន្នវិទ្យាស្ថានមានផ្ទៃដីសរុបចំនូន ៧,០៩៥ម៉ែត្រការ៉េ មានអគារសរុបចំនួន៥អគារ ដែលបែងចែកជាអគារសិក្សា ២អគារ អគាររោងជាង១អគារ អគារអន្តេវាសិកដ្ឋាន១អគារ អគាររដ្ឋបាល១អគារ និងមានរោងជាងជួសជុលរថយន្តចំនួន១ ហើយចំពោះស្ថិតិសិក្ខាកាម សិស្ស និស្សិត ចំនួនសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រចាប់ពីឆ្នាំ២០១៤-២០២២ សរុបមានចំនួន៦,៥២១នាក់ ស្រីចំនួន៣១,៨២នាក់។ អត្រាមានការងារធ្វើ អត្រាសិស្ស និស្សិត មានការងារធ្វើ៩០ភាគរយ នៅវិស័យឯកជន និង១០ភាគរយ រៀនបន្ត ប្រកបការងារដោយខ្លួនឯង និងបម្រើការងារ ក្នុងវិស័យសាធារណៈ។
បើតាមលោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង ទិសដៅបន្តរបស់វិទ្យាស្ថាននឹងខិតខំ ជម្រុញឲ្យមានការលើកទឹកចិត្តដល់មន្ត្រី និងគ្រូបច្ចេកទេស ខិតខំស្រាវជ្រាវដើម្បីទទួល បានចំណេះដឹងថ្មីៗជម្រុញការគោរពច្បាប់លក្ខន្តិកៈមន្រ្តីរាជការស៊ីវិល បន្តការត្រួតពិនិត្យលើការងារបច្ចេកទេសផលិតវីដេអូ មេរៀន បន្តពង្រឹងការគ្រប់គ្រងសុខភាពសិក្សា និងបរិស្ថានសិក្សា ព្រមទាំងបន្តការផ្សព្វផ្សាយ TVET និងបង្កើនការចុះឈ្មោះចូលរៀនឱ្យបានជាអតិបរិមា ស្របតាមតម្រូវការទីផ្សារការងារផងដែរ។
សូមបញ្ជាក់ថា ការលេងល្បែងប្រជាប្រិយខ្មែរដែលរៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោ សែនស្វាយរៀងក៏មានការឧបត្ថម្ភជាថវិកា ពីលោកនាយកវិទ្យាស្ថាន ចំពោះសិស្ស និស្សិតដែលលេងល្បែងប្រជាប្រិយបានល្អ និងជាប់ចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ និងអ្នកដែលពុំបានទទួលចំណាត់ថ្នាក់ផងដែរ៕