(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា នៅឆ្នាំ២០២២កន្លងទៅ សម្រាប់ខេត្តកំពង់ស្ពឺមានសមិទ្ធិផលធំៗជាច្រើន បានកើតឡើងក្រោមការខិតខំរួមគ្នារវាងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសគឺភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការណ៍នេះធ្វើឡើងគ្រាដែលលោកជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន១៣៨នាក់ ដែលកំពុងបង្រៀននៅក្នុងវិទ្យាល័យឧដុង្គនៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

លោក វ៉ី សំណាង ថ្លែងថា សមិទ្ធិផលដែលទទួលបានទាំងនោះរួមមាន៖

*ខេត្តកំពង់ស្ពឺត្រូវបានប្រកាសជាខេត្តអស់មីន
*ខេត្តទទួលបានរំដួលពីរទងជាខេត្តដែលស្អាត
*ខេត្តកំពង់ស្ពឺត្រូវបានប្រកាសជាខេត្តទី៤ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
*ខេត្តដែលទទួលបានពានរង្វាន់​បង្គន់​អនាម័យ​សាធារណៈ​​មាន​អនាម័យ​ល្អ​ ​និង​ស្ដង់​ដារ​អា​ស៊ាន​២​០​២​៣-២០២៤ ​ដែល​ផ្ដល់​ដោយប្រទេសឥណ្ឌូនេស៊ី
*ខេត្តដែលទទួលជ័យលាភីលេខ១ លើផ្នែកតែងនិពន្ធស្មូតកំណាព្យ
*ខេត្តដែលជាប់លេខ១ទូទាំងប្រទេស ដែលមានសាលារៀនស្អាតជាងគេ។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានគូសបញ្ជាក់ថា «សមិទ្ធិផលទាំងអស់នេះ គឺបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នាដោយមិនខ្វះបាននូវធាតុចូល ហើយក្រោមការខិតខំនេះដែរ និងអាចបង្កើតសមិទ្ធិផលធំៗ បន្ថែមទៀតសម្រាប់ឆ្នាំបន្តបន្ទាប់ផងដែរ»

ជាមួយនិងភាពជោគជ័យនេះ លោកអភិបាលខេត្ត បានចាត់ទុកថា ផ្តើមពីការដឹកនាំដ៏ប៉ិនប្រសប់នៃមគ្គុទេសក៍ឯកប្រកបដោយគតិបណ្ឌិតគឺសម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃ ហើយមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ។

សុខសន្តិភាព ស្ថេរភាពនយោបាយបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យពាសពេញផ្ទៃប្រទេស ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបមុខរបរដើម្បីចិញ្ចឹមជីវិត ហើយមិនតែប៉ុណ្ណោះទៀតសោត ភាពដឹកនាំប្រកបដោយភាពឈ្លាសវៃគតិបណ្ឌិតរបស់សម្តេចតេជោ បានធ្វើឱ្យខេត្តកំពង់ស្ពឺដែលធ្លាប់ជាខេត្តញ៉ាំញីដោយភ្លើងសង្គ្រាម ក្លាយជាខេត្តដែលមានសក្តានុពលខ្លាំងលើផ្នែកកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មតាមរយៈការបណ្តាក់ទុន រកស៊ីពីសំណាក់និយោជក់បរទេស។

បើតាមលោកអភិបាលខេត្ត នៅពេលខាងមុខនេះនឹងមានអ្នកវិនិយោគជាច្រើនក្រុមហ៊ុនទៀត នៃទីក្រុងហុងកុង គ្រោងមកដាក់ទុនរកស៊ីនៅក្នុងខេត្តនេះផងដែរ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ច ៣ថ្ងៃរបស់ប្រតិភូខេត្តកំពង់ស្ពឺកន្លងមកថ្មីៗនេះ៕