(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៅឯច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ដែលពលករកំពុងត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានណែនាំបន្ថែមដល់មន្ត្រី និងសមត្ថកិច្ចដែលនៅប្រចាំការនៅច្រកទ្វារអន្តរជាតិដូងនេះ សូមខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរចេញចូល របស់ពលករត្រឡប់ទៅធ្វើការវិញដោយស្របច្បាប់ និងពន្លឿនក្នុងការបំពេញបែបបទឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករឱ្យបានឆាប់រហ័ស ដោយក្នុងនោះត្រូវចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីប្រជាពលរដ្ឋ និងពលករដែលធ្វើដំណើរចេញ-ចូលច្រកទ្វារអន្តរជាតិដូងនេះ។

ការចុះពិនិត្យដោយផ្ទាល់របស់លោកអភិបាលខេត្តបាត់ដំបង នៅច្រកទ្វារអន្តរជាតិដូងនេះ បានធ្វើឡើងពីទទួលបានព័ត៌មានតាមបណ្តាញសង្គមថា មានការយកប្រាក់ពីបងប្អូនពលករ និងប្រជាពលរដ្ឋ ដែលចេញចូលនៅតាមច្រកទ្វារ អន្តរជាតិមួយនេះ។

តាមសេចក្តីរាយការណ៍ពីមន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិដូង​ បានបញ្ជាក់ថា ការរិះគន់នៅតាមបណ្តាញសង្គម Facebook គឺជាការយល់ច្រឡំ។ តាមពិតបងប្អូនខ្មែរ គឺពួកគាត់បានចំណាយថវិកាក្នុងម្នាក់ជាង ១,០០០បាត ដោយសារតែភាគីថៃ ជាអ្នកជួលរថយន្តសម្រាប់ដឹកពួកគាត់ទៅតាមគោលដៅផ្សេងៗក្នុងប្រទេសថៃ មិនមែនជាការយកលុយពីសំណាក់មន្រ្តីប្រចាំច្រកនោះឡើយ៕