(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលជាការរួមបញ្ចូលគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គម្រោងរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន១៥០ ត្រូវបានដាក់បញ្ចូលទៅក្នុង CIT-MP ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក នឹងត្រូវអនុវត្តក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាសហធិបតីរួមជាមួយលោក Tassilo Brinzer អគ្គនាយកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ក្នុងកម្មវិធី «វេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣» (Transport and Logistics Forum 2023) ដោយមានការអមដំណើរពីថ្នាក់នាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមដោយវត្តមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារ Raffles Hotel Le Royal។

វេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ក៏ដូចជាដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ សំដៅឱ្យវិនិយោគិនពីវិស័យឯកជន បានស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុន្ននេះមានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅជាបួនគន្លង ពីផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC)។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ និងទី២ ក៏ការដូចជាកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្ត បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តអគ្គិសនី ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ។ ទន្ទឹងនឹងនេះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីដល ដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព កាត់បន្ថយចំណាយក្រៅផ្លូវការ ចំណេញពេលវេលាត្រូវបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ ជាក់ស្តែងកម្មវិធី Port-EDI បានចូលរួមកាត់បន្ថយភាពស្មុគស្មាញ ការប្រើប្រាស់ពេលវេលាយូរក្នុងការស្នើសុំនាវាចូលចេញនៅកម្ពុជា និងជាការបង្ហាញអំពីយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ធ្វើឱ្យមានប្រសិទ្ធភាព និងមានតម្លាភាព។

លោកទេសរដ្ឋមន្ត្រី បានថ្លែងនៅកាន់វិនិយោគិន និងតំណាងស្ថាប័នឯកជនដែលមានវត្តមានក្នុងវេទិកានេះថា សូមកុំរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋ ពីព្រោះភាពជោគជ័យនៃវិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋភិបាលដូចគ្នា ដូចដែលយើងដឹងស្រាប់ហើយថាកំណើនសេដ្ឋកិច្ច និងឱកាសការងារ គឺបានមកពីវិស័យឯកជនមួយភាគធំ៕