(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ចំពោះលោក យឹម ស៊ីណន ដែលបានគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ដោយមានប្រសាសន៍ថា «សូមស្វាគមន៍ចំពោះលោក យឹម ស៊ីណន សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថាលោក ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃ»។
ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក យឹម សុណន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់អំពីការឈឺចាប់ជាទីបំផុត ចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
សំណេរដ៏ឈឺចាប់របស់លោក យឹម ស៊ីណន បានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
«ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់ខ្ញុំអស់រយៈពេលជាង១២ឆ្នាំមកនេះក្នុងនាមជាមេដឹកនាំម្នាក់ ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង ខ្ញុំអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៉ីវិលនានា និងជាពិសេសគឺក្រុមអ្នកនយោបាយនៃបក្សប្រឆាំង ក្នុងនោះគឺមេដឹកនាំ និងសមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង។
ក៏ប៉ុន្តែនៅពេលដែលខ្ញុំបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថាឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះក្នុងពិធីបាតុកម្មរបស់ពួកគេនៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេក៏ខ្ញុំស្តាប់មិនឮ និងរកមើលមិនឃើញដែរ។
ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗដោយប្រមាថថា ការជាប់គុករងទុក្ខរបស់ខ្ញុំ និងមិត្តខ្ញុំហ៊ុន កុសលគឺជាល្លោនសម្តែងថែមទៀតផង។
ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តខ្ញុំឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយខ្ញុំអាចចាត់ទុកបានថា ពួកនេះមានចរិតនយោបាយឃោឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិនោះទេ។ បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង។ ទង្វើ និងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត១សន្លឹកក្នុងដៃខ្ញុំ និងច្រើនសន្លឹកនៃក្រុមគ្រួសារ និងអ្នកជិតខាងខ្ញុំ ហើយក៏ប្រហែលជាឆេះចោលច្រើនរាប់សិបពាន់មុឺនសន្លឹកទៀតពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ»៕