(កំពង់ធំ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបចំពិធីសំណេះ សំណាល និងស្វាគមន៍សមាជិក សមាជិកាថ្មីចំនួន១១៩នាក់ បន្ថែមទៀត ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ឆាយ ចែង អតីតប្រធានប្រតិបត្តិ នៃគណបក្សភ្លើងទានប្រចាំស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកន្លងមក បានសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្សភ្លើងទៀន សូមឱ្យងាកមកចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលរក្សាបាននូវសុខសន្តិភាព ការបង្រួបបង្រួបជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។

លោក សោម ស៊ុន បានថ្លែងនូវការអបអរសាទរ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះបងប្អូនសមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជា និងបានប្រគល់ជូននូវប័ណ្ណសម្គាល់សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាថ្មីចំនួន១១៩រូប ដែលទើបបានមកចូលរួមក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ។

លោកបានជម្រាបជូនសមាជិកសមាជិកាថ្មីទាំង ១១៩នាក់ អំពីលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់គណបក្សប្រជាជន ក្នុងការដឹកនាំប្រទេសកម្ពុជា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល នឹងអាណត្តិបន្តបន្ទាប់ទៅទៀត គឺដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព មានការឯកភាពជាតិពេញលេញ ព្រមទាំងមានសុខដុមរមនាជា គ្រួសារខ្មែរតែមួយ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ឲ្យដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានា នៅក្នុងតំបន់និងនៅលើពិភពលោក។

លោក សោម ស៊ុន បានអំពាវនាវដល់សមាជិកសមាជិកា និងក្រុមគ្រួសារនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវត្រៀមខ្លួននិងមានឯកសារគ្រប់គ្រាន់ ដើម្បីអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា កុំបីខានឡើយ៕