(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចអនុញ្ញាតឱ្យ លោក ហ៊ុន កុសល សកម្មជនក្រុមប្រឆាំង នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីឃុំខ្លួនអស់រយៈពេល១ខែ ក្នុងបទប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់។
លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដំណាលគ្នាជាមួយ លោក យឹម ស៊ីណន កាលពីថ្ងៃទី២១ ខែមីនា ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះសារបែបញុះញង់ប្រមាថតាមបណ្តាញសង្គមពាក់ព័ន្ធនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ត្រូវបានតុលាការចោទប្រកាន់២បទល្មើស រួមមានបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្រោយមក លោក ហ៊ុន កុសល ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីលោក បានចេញវីដេអូសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំខមាទោសពីសម្តេចតេជោ ហ៊ុន សែន។
ការសម្រេចឱ្យ លោក ហ៊ុន កុសល នៅក្រៅឃុំនេះ ក៏បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យឹម ស៊ីណន និងគ្រួសារ ចូលជួបសម្តេច នៅគេហដ្ឋាន នាក្រុងតាខ្មៅផងដែរ ក្រោយមានសំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការចូលជួបនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាព Fresh News ជាអ្នកដឹកនាំ និងសម្របសម្រួល លោក ហ៊ុន កុសល ទៅជួបសម្តេចផងដែរ។
នៅមុនការអនុញ្ញាតឱ្យចូលជួបនេះ លោក យឹម ស៊ីណន ក៏បានបង្ហាញអារម្មណ៍ចង់ស្នើឱ្យ លោក ហ៊ុន កុសល ដែលជាមិត្តសម្លាញ់នឹងគ្នា អាចរស់នៅក្រៅឃុំជាបណ្តោះអាសន្នដូចលោកផងដែរ។
លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន គឺជាមនុស្សជំនិតរបស់ លោក កឹម សុខា។ អ្នកទាំងពីរ ធ្លាប់ចេញមុខការងារ លោក កឹម សុខា នឹងតតាំងជាមួយ លោក សម រង្ស៉ី ក្នុងពេលដែលអតីតមេដឹកនាំក្រុមប្រឆាំងទាំងពីរ វាយប្រហារគ្នា ក្រោយរំលាយគណបក្សសង្គ្រោះជាតិ នាពេលកន្លងទៅ៕