(ភ្នំពេញ)៖ អតីតសកម្មជនគណបក្សប្រឆាំង លោក សឿង សុធានី ដែលបច្ចុប្បន្នជាប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការចាកចេញរបស់ថ្នាក់ដឹកនាំ និងសកម្មជនពីគណបក្សប្រឆាំង ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សបប្រជាជនកម្ពុជា ដូចទឹកបាក់ទំនប់នាពេលនេះ ជាសញ្ញាបង្ហាញថា ក្រុមប្រឆាំងកាន់តែបែកបាក់តាំងពីលេីដល់ក្រោមខ្លាំងមែនទែនហេីយ។
ការលើកឡើងអតីតសកម្មជនក្រុមប្រឆាំងដ៏សកម្មនេះ បានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សភ្លើងទៀន៨រូប ក្នុងនោះមាន អនុប្រធានគណៈកម្មាធិការគណបក្សភ្លើងទៀនខេត្តព្រះសីហនុ, អនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀងជាដើម ព្រមទាំងសកម្មជនជាច្រើនទៀត បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងជាបន្តបន្ទាប់ពីមួយខែទៅមួយខែ។
លោក សឿង សុធានី បានលើកឡើងថា មានមូលហេតុ៤ ដែលថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សប្រឆាំង ទៅចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នោះដោយសារ៖
- គោលនយោបាយគណបក្សភ្លើងទៀនគ្មានភាពច្បាស់លាស់ប្រាកដប្រជា ដែលមិនអាចទុកចិត្តបាន
- គណបក្សភ្លើងទៀន មានអំពើពុករលួយ បក្សពួកនិយម និងបែកបាក់ផ្ទៃក្នុង
- មេដឹកនាំគណបក្សនេះ តួយ៉ាងដូចជា លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សជាដើម ជាអ្នកនយោបាយអសីលធម៌ ស្មោកគ្រោក ប្រមាថដល់កិត្តិយស្ត្រីខ្មែរ មិនអាចឱ្យសកម្មជនទាំងនោះគាំទ្របាន
- ថ្នាក់ដឹកនាំ និងសកម្មជនក្រុមប្រឆាំងទាំងនោះ បានស្វែងយល់ច្បាស់លាស់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលហ៊ានធ្វើហ៊ានទទួលខុសត្រូវ និងឈរជាមួយប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរហូតមក៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ លោក សឿង សុធានី៖