(ភ្នំពេញ)៖ អគ្គនាយកនៃការិយាល័យព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកុម្មុយនីស្តចិន (IDCPC) និងជាអ្នកនាំពាក្យបក្សកុម្មុយនីស្តចិន លោក ហ៊ូ ចាវមីង (Hu Zhaoming) បានគូសបញ្ជាក់ថា ប្រទេសចិនប្តេជ្ញារក្សាទំនាក់ទំនងល្អដែលមានស្រាប់ជាមួយប្រទេសកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោក ហ៊ូ បានថ្លែងបែបនេះក្នុងឱកាសផ្លាស់ប្តូរទស្សនៈជាមួយតំណាងភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានារបស់កម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ ផាលេសហ្គេត រាជធានីភ្នំពេញ។
«មានប្រទេសខ្លះចង់រៀនពីកម្ពុជា និងចង់ដឹងថាហេតុអ្វីកម្ពុជាអាចរក្សាបានទំនាក់ទំនងដ៏ល្អជាមួយចិន ហើយក៏មានប្រទេសខ្លះទៀតបានដាក់សម្ពាធលើកម្ពុជា ចំពោះទំនាក់ទំនងដ៏ល្អនេះ។ ប៉ុន្តែមិនថាប្រទេសផ្សេងទៀតធ្វើយ៉ាងម៉េច និយាយយ៉ាងម៉េច ក៏ចិននៅតែប្រកាន់ខ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជា»។ លោក ហ៊ូ បានមានប្រសាសន៍បែបនេះទៅកាន់អ្នកសារព័ត៌មានកម្ពុជា។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងពីកត្តាសំខាន់ៗចំនួន ៣ ដែលនាំឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ដោយទី១៖ កម្ពុជា-ចិនមានវប្បធម៌ដូចគ្នា ហើយប្រជាជនរវាងប្រទេសទាំងពីរក៏រាប់អានគ្នា ដូច្នេះរដ្ឋាភិបាលចិនពុំមានហេតុផលដែលត្រូវទៅបំផ្លិចបំផ្លាញទំនាក់ទំនងល្អនេះឡើយ, ទី២៖ កិច្ចសហប្រតិបត្តិការរវាងប្រទែសទាំងពីរបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, និងទី៣៖ ប្រទេសទាំងពីរសុទ្ធតែប្រកាន់ខ្ជាប់នូវគោលនយោបាយឯករាជ្យ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះក៏មិនមានគោលដៅប្រឆាំងនឹងប្រទេសទី៣ និងមិនរងឥទ្ធិពលពីប្រទេសដទៃ។
ជាចុងក្រោយ លោក ហ៊ូ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន និងកម្ពុជា បានឆ្លងកាត់ការសាកល្បងជាច្រើនលើក ដូច្នេះលោកជឿជាក់ថា នៅពេលអនាគត ទំនាក់ទំនងចិន និងកម្ពុជានឹងបន្តទទួលជ័យជំនះលើការសាកល្បងនេះ។
ប្រទេសចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ហើយកម្ពុជាក៏ត្រូវបានគេស្គាល់ និងចាត់ទុកជាមិត្តដែកថែបរបស់ចិន។ ប្រទេសទាំងពីរមិនគ្រាន់តែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងជាដៃគូសហគមន៍រួម ជោគវាសនារួម ដោយកម្ពុជាជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខាលើការអនុវត្តការកសាងសហគមន៍រួម ជោគវាសនារួមនេះជាមួយភាគីចិន ហើយការចុះហត្ថលេខានេះទៀតសោត គឺត្រូវបានធ្វើឡើងក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈកន្លងទៅ៕