(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានប្រកាសស្វាគមន៍ លោក ហ៊ុន កុសល ដែលស្នើសូម ចុះចូលគណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្តាញសង្គម Telegram សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ទទួលយកលោក ហ៊ុន កុសល់ ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»

សូមជម្រាបថា សកម្មជនក្រុមប្រឆាំង លោក ហ៊ុន កុសល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានស្នើសូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈ Video ខ្លីមួយ លោក ហ៊ុន កុសល ក៏បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ក្តីមេត្តារបស់សម្តេចតេជោ ឲ្យខ្លួនបាននៅក្រៅឃុំបណ្តោះអាសន្ន។ លោកក៏បានប្ដេជ្ញាចិត្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ។

លោក ហ៊ុន កុសល បានបញ្ជាក់យ៉ាងដូច្នេះថា «កូនសូមប្តេជ្ញា និងបង្ហាញចិត្តស្មោះត្រង់ ចំពោះសម្ដេចពុក និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រជាក់ត្រជុំរបស់សម្ដេច»

លោកបន្តថា «គុណដ៏ធំធេងរបស់សម្ដេចពុក គឺជាគុណដែលកូនមិនអាចបំភ្លេចបានពេញ ១ជីវិតនេះ។ ដើម្បីជាការតបស្នងសងគុណចំពោះសម្ដេចពុក កូនសូមប្តេជ្ញាចិត្ត ភក្តីភាព ស្មោះត្រង់ ជាមួយសម្ដេច ដើម្បីចូលរួមកសាងនិងស្ថាបនា របស់ប្រទេសយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចពុក ដែលនាំនាវាកម្ពុជាពីភ្លើងសង្គ្រាមមកសន្តិភាព»

បើតាម លោក ហ៊ុន កុសល ក្រោយជាប់ពន្ធនាគារ ៣១ថ្ងៃ លោកបានពិចារណាយ៉ាងល្អិតល្អន់ ចំពោះមាគ៌ានយោបាយប្រកបដោយមេត្តា និងមនោសញ្ចេតនាចំពោះប្រជាពលរដ្ឋខ្មែរ ជាហេតុធ្វើឲ្យលោកសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា ចេស្តានិងបារមីរបស់សម្ដេចតេជោ គឺជាតម្លៃមិនអាចបំភ្លេចបាន។