(ភ្នំពេញ)៖ លោក មួង សុភក្ត្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានបង្ហាញនូវក្តី​សោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាន​បើក​​ផ្លូវទទួលយកលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ចូលរួមជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល គឺជាសកម្មជនបក្សប្រឆាំង គឺអតីត​បក្សសង្គ្រោះជាតិដ៏ប្តូរផ្តាច់ ហើយតែងធ្វើសកម្មភាពវាយប្រហារ និងរិះគន់យ៉ាង​ខ្លាំង​​ក្លា​លើរាជរដ្ឋា​ភិ​បាល និងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេច​តេ​ជោ ហ៊ុន សែន។ ប៉ុន្តែពេលនេះ ពួកគេបានផ្លាស់ប្តូរទស្សនៈនយោបាយត្រឡប់​មកគាំទ្រ និងសូមរួមរស់ជាមួយបក្សប្រជាជនកម្ពុជាក្រោមម្លប់ដឹកនាំរបស់សម្តេច​តេជោ។

សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយពោរពេញដោយធម៌មេត្តា សណ្តោស​ប្រណី និងការបង្រួបបង្រួមនោះ មិនបានប្រកាន់ទោសអូសដំណើរចំពោះសកម្ម​ភាពពីអតីតកាលរបស់យុវជនទាំងពីររូបនេះឡើយ ហើយស្វាគមន៍ដោយក្តីរីក​រាយ។

លោក មួង សុភក្ត្រ ជាអ្នកស្រាវជ្រាវ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងសង្គមផងនោះ បានមើលឃើញថា ការបើកផ្លូវឱ្យយុវជនទាំងពីររូបនេះ ចូលរួម​រស់ជាមួយបក្សប្រជាជនកម្ពុជា គឺបង្ហាញពីនយោបាយបង្រួបបង្រួមជាតិរបស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី ដែលបានប្រកាន់យកតាំងពីអតីតកាល។

លោក សុភក្ត្រ ក៏បានមើលឃើញផងដែរថា ការទទួលយកលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ចូលបក្សប្រជាជនកម្ពុជា និងផ្តល់តួនាទីជូនលោក ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការផ្តល់ឱកាសជូនយុវជនបានបម្រើការងារជូនជាតិមាតុភូមិផងដែរ។

ទន្ទឹមគ្នានេះ លោក សុភក្ត្រ ក៏បានទទូចដល់អ្នកនយោបាយ ក៏ដូចជាគាំទ្របក្ស​នយោ​បាយ​​ទាំង​ឡាយឱ្យលុបបំបាត់ទស្សនៈ និងការលាបពណ៌ទាំងឡាយទៅ​លើអ្នកចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចថាជាអ្នកលក់ឧត្តមគតិ។ ការទទូចបែបនេះ ក៏ព្រោះតែលោក សុភក្ត្រ បានមើលឃើញអ្នកនយោ​បាយ ឬអ្នកគាំទ្របក្សប្រឆាំងបានចោទ និងលាបពណ៌លើលោក ស៊ីណន និងលោក កុសល ថាលក់ក្បាល លក់ឧត្តមគតិ បន្ទាប់ពីពួកគេចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។

ក្នុងវីដេអូឃ្លីបនេះ លោក សុភក្ត្រ ក៏បានទទូចដល់យុវជនទាំងឡាយចូលរួមធ្វើ​សកម្មភាព​ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយកសាងសង្គមជាតិឱ្យកាន់តែរីក​ចម្រើន៕