(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។
ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានជម្រាបអង្គប្រជុំថា គណៈកម្មការទី៩ នៃព្រឹទ្ធសភាបានពិនិត្យយ៉ាងល្អិតល្អន់លើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោកបន្តថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។ គណៈកម្មការទី៩ បានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើសេចក្តីព្រាងច្បាប់ខាងលើ។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
លោករដ្ឋមន្ត្រី ក៏បានឆ្លើយបំភ្លឺចំពោះសំណួរនានារបស់សមាជិក សមាជិកា គណៈកម្មការទី៩នៃព្រឹទ្ធសភាពាក់ព័ន្ធសេចក្តីព្រាងច្បាប់នេះ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរំពឹងទុកថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា រស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។
ជាពិសេសកិច្ចព្រមព្រៀងនេះនឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។ ជាលទ្ធផលអង្គប្រជុំបានឯកភាព និងគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខ ពិនិត្យ និងអនុម័ត៕