(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្តេចបានផ្តល់អគារសិក្សាថ្មី ទីចាត់ការ និងផ្ទះគ្រូស្នាក់នៅ សម្រាប់វិទ្យាល័យ ហ៊ុន សែន ជ្រៃហូព្នៅ ស្ថិតឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមសំណូមពររបស់ឪពុកក្មេក លោក យឹម ស៉ីណន អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ឪពុកក្មេករបស់លោក យឹម ស៉ីណន គឺជាគ្រូបង្រៀននូវវិទ្យាល័យ ហ៊ុន សែន ជ្រៃហូព្នៅ ហើយកន្លងមកតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បើទោះបីកូនប្រសារខ្លួនជាអ្នកធ្លាប់គាំទ្របក្សប្រឆាំងក្ដី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឪពុកក្មេក យឹម ស៉ីណន ជាគ្រូបង្រៀន មានសិស្សជាង៩០០នាក់ ប៉ុន្ដែសាលាមានតែ១០បន្ទប់ [...] ម្សិលមិញតាមរយៈសំណូមពររបស់គាត់ខ្ញុំបានឲ្យអគារ៣ជាន់ ៣០បន្ទប់ សម្រាប់ការសិក្សា អគារទីចាត់ការដែលមានទាំងបណ្ណាល័យ ផ្ទះគ្រូបង្រៀន២០បន្ទប់ កម្ពស់ពីរជាន់»។
ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកថា កាលពីសម្ដេចទៅសម្ពោធមន្ទីរពេទ្យនៅស្រុកក្រូចឆ្មារ និងអំឡុងដែលសម្ដេចធ្វើដំណើរតាមព្រំដែនជាង៦,០០០គីឡូម៉ែត្រ ក៏បានទើបប្រទះករណីដូច្នេះដែរ គឺកង្វះអគារសិក្សា ដោយសារកំណើនសិស្សានុសិស្ស។
ពាក់ព័ន្ធអគារសិក្សានៅតាមសាលានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអគារសិក្សាមួយអស់អាយុកាលប្រើប្រាស់ លំបាកក្នុងការជួសជុល គាប់ជួនចំនួនប្រជាជនកើនឡើង ដូច្នេះសាលាក៏ត្រូវតែបង្កើនថ្មីផងដែរ។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ពេលបច្ចុប្បន្នសាលារត់រកសិស្ស មិនមែនសិស្សរត់រកសាលាដូចពេលមុនទៀតនោះទេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរំពឹងថា នឹងមានការរួមគ្នាលើការងារអប់រំ ដើម្បីកម្ពុជាឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿង ហើយសម្ដេចក៏បានអំពាវនាវដល់អ្នកជួយកសាងសាលា គួរជួយកសាងផ្ទះគ្រូនៅតាមសាលាដែលជួយសង់អគារសិក្សាកាន់តែល្អ៕
យោងតាមតួលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានសាងសង់អគារសិក្សាចំនួន៤២៧ខ្នង និងបានជួសជុលអគារសិក្សាចំនួន៣៩៥ខ្នង , បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីនៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, បានជួសជុលនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ និងសាលាគរុកោសល្យនិងវិក្រឹតការខេត្តទាំង១៦, បានសាងសង់ និងជួសជុលអគារសិក្សាធនធាននៅតាមវិទ្យាល័យធនធានទាំង៥០។
ក្នុងនោះមានបន្ទប់ពិសោធន៍ បណ្ណាល័យ អន្តេវាសិកដ្ឋាន និងបន្ទប់កុំព្យូទ័រ បំពាក់បន្ទះសូឡា និងជួសជុលអគារសិក្សា នៅវិទ្យាល័យបណ្ដាញចំនួន ៨៧ទីតាំង។ ក្រសួងអប់រំ យុវជន និងកីឡាបានសាងសង់ផ្ទះសំណាក់គ្រូ, ផ្ទះសំណាក់សិស្ស, បង្គន់អនាម័យ, អណ្ដូងទឹក, ផ្លូវបេតុង, របងសាលារៀន, តារាងបាល់បោះ, តារាងបាល់ទាត់, និងទីលានហាត់កីឡាផ្សេងៗ។
គិតមកត្រឹមខែមេសា ឆ្នាំ២០២២ សំណង់អគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន៤,៤៨៧ខ្នង ស្មើនឹង២៨,៨១០បន្ទប់៕