(ភ្នំពេញ)៖ ដោយសារតែអស់ជំនឿទៅលើ មេដឹកនាំរបស់ខ្លួនជាពិសេស លោក សម រង្ស៉ី តែម្តង, លោក ម៉ែន វណ្ណៈ ជំនួយការផ្ទាល់របស់ លោក សម រង្ស៉ី នៅពេលនេះបានប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំងទាំងស្រុង ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ព្រមទាំងសន្យាអូសទាញនូវសមាជិកក្រុមប្រឆាំងជាច្រើនផ្សេងៗទៀតឲ្យចូលរួម។
ទាក់ទឹងនឹងសំណើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានប្រកាសស្វាគមន៍ចំពោះវត្តមាន លោក ម៉ែន វណ្ណៈ ក្នុងការចូលរួមជីវភាពនយោបាយជាមួយ នឹងគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក ម៉ែន វណ្ណៈ បានបង្ហាញនូវការអស់ជំនឿចិត្តទៅលើការដឹកនាំរបស់មេដឹកនាំក្រុមប្រឆាំងទៀតហើយ ក្រោយពេលបម្រើពួកគេអស់រយៈពេលជាង២០កន្លងមក។ លោកថា ស្ថានភាពក្រុមប្រឆាំង មិនអាចមានឱកាសទៅកាន់អំណាចបានទេ ហើយមេដឹកនាំរបស់ក្រុមនេះ រួមមាន លោក សម រង្ស៉ី ក៏ពុំអាចចូលមកក្នុងប្រទេសកម្ពុជា ខណៈដែល លោក កឹម សុខា ក៏ត្រូវបានតុលាការកាត់ទោសអស់រយៈពេល២៧ឆ្នាំថែមទៀត។
លោក ម៉ែន វណ្ណៈ ជាជំនួយការផ្ទាល់ សម រង្ស៉ី និងនៅជាមួយ លោក សម រង្ស៉ី អស់រយៈពេលជាង២០មកហើយ។ លោកក៏ជាអតីតក្រុមកាងារថ្នាក់ជាតិរបស់អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ និងខេត្តព្រះសីហនុផងដែរ។ បច្ចុប្បន្ន លោករស់នៅសហរដ្ឋអាមេរិក។
នៅក្នុងឱកាសស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនេះ លោក ម៉ែន វណ្ណៈ ក៏បានសន្យាអូសទាញនូវសមាជិកក្រុមប្រឆាំងផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ដែលកំពុងអស់ជំនឿជាមួយក្រុមប្រឆាំង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងផងដែរ៕