(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការកម្ពុជា នៃគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Nong Rong ឧបការីរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាធិការចិន នៃគណ:កម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលទើបទទួលបានតែងតាំងថ្មី និងមានការចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមទាំងគណ:ប្រតិភូចូលរួមផងដែរ។
ក្នុងជំនួបពិភាក្សាការងារនេះ អគ្គលេខាធិការទាំងពីរ នៃគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានសំដែងនូវការពេញចិត្ត ចំពោះលទ្ធផលការងារដែលសម្រេចបាននៅក្នុងពេលកន្លងមក នៅក្នុងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការ នៃប្រទេសទំាងពីរ ដែលជាមិត្តដែកថែប និងកាន់តែមានលក្ខណៈស៊ីជម្រៅ, កាន់តែជិតស្និត និងស្មោះត្រង់ ព្រមទាំងសម្រេចបាននូវផ្លែផ្កាជាច្រើនរាប់មិនអស់។
លទ្ធផលទាំងនេះ កើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលុង ដែលជាស្នាប្រហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ក៏ដូចជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំចិនពីមុន និងបច្ចុប្បន្ន ជាពិសេសឯកឧត្ដមប្រធានាធិបតី ស៊ី ជីនភីង។
លោក វង្សី វិស្សុត និងលោក Nong Rong ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនមតិយោបល់ទៅវិញទៅមក ពាក់ព័ន្ធនឹងការរៀបចំផែនការ សកម្មភាពការងារ ដែលត្រូវអនុវត្តបន្ត សម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខទៀត ឱ្យកាន់តែទូលំទូលាយ, ស៊ីជម្រៅ និងមានកម្រិតស្តង់ដារខ្ពស់ ក្នុងក្របខ័ណ្ឌនៃ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលជាលទ្ធផល នៃជំនួបកំពូលនៅប្រទេសចិនរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរគឺលោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅ ដើម្បីដាក់ជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិនិត្យ និងសម្រេចនាពេលខាងមុខ។
លោក វង្សី វិស្សុត និងលោក Nong Rong បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ អំពីក្របខណ្ឌនៃ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដោយផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ (១).នយោបាយ (២).គុណភាព និងសមត្ថភាពផលិតកម្ម (៣).កសិកម្ម (៤).ថាមពល (៥).សន្តិសុខ និង (៦).ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលជាការគិតគូរដោយឈរលើចក្ខុវិស័យវែងឆ្ងាយ របស់ប្រទេសទាំងពីរ ក៏ដូចជាការបន្សីគ្នានូវផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ៥ ឆ្នាំ រវាងប្រទេសទាំងពីរ កម្ពុជា-ចិនផងដែរ។
ក្នុងជំនួបពិភាក្សាខាងលើនេះ លោក វង្សី វិស្សុត ក៏បានសម្តែងក្តីរីករាយចំពោះការប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ដើម្បីអបអរសាទរ ខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោក និងតំបន់កំពុងស្ថិតក្នុងស្ថានភាព មួយដ៏ស្មុគស្មាញ និងត្រូវប្រឈមនឹងបញ្ហាជាច្រើន ដោយរួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។ ដូចនេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ជួយកម្ពុជាឱ្យអាចជំនះនូវបញ្ហាប្រឈមទាំងនេះ។
លោក វង្សី វិស្សុត ក៏បានថ្លែងនូវអំណរគុណដល់មិត្តចិន ដែលបានដើរតួរយ៉ាងសកម្ម ក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងបានជួយកម្ពុជាឱ្យ កាន់តែមានឯករាជ្យ និងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច នយោបាយ និង សន្តិសុខ ជាពិសេសបានជួយធ្វើឱ្យកម្ពុជា អាចឈរជើងរាំងមាំនៅលើមាគ៌ា ឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់ ស្របតាម ចក្ខុវិស័យរបស់ខ្លួន។
ក្នុងន័យនេះ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការបន្តធ្វើការងារជិតស្និត និងស្មោះត្រង់ជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន បានយូរអង្វែង, ទូលំទូលាយ និងស៊ីជម្រៅប្រកបដោយផ្លែផ្កា ដោយតម្កល់នូវផលប្រយោជន៍ប្រជាជន និងប្រទេសជាសំខាន់ ដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ។
លោក Nong Rong ឧបការី រដ្ឋមន្រ្តីការបរទេស បានសម្តែងក្តីសោមនស្សរីករាយ ដែលត្រូវបានតែងតាំង ជាអគ្គលេខាធិការចិន នៃគណ:កម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន និងបានសម្តែងនូវក្តីសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រពៃកន្លងមក ដែលបានផ្តល់នូវផល ប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោក Nong Rong វាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញារបស់កម្ពុជា និងបានសន្យាបន្តគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយដោយស្មារតី ទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានប្រសិទ្ធភាព ឈានទៅកសាងសហគមន៍វាសរួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជាពិសេស បន្តគាំទ្រផ្តល់ហិរញ្ញប្បទានបន្ថែមទៀត សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍នានានៅកម្ពុជា ដ៏ដូចជាការរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា ភាគីចិនគាំទ្រនូវមាគ៌ាអភិវឌ្ឍរបស់កម្ពុជា ស្របតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះលោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណចំពោះភាគីមិតចិន ដែលតែងតែយកចិត្តទុកដាក់ ក្នុងការថែទាំព្រះរាជសុខភាព របស់ ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវរវាជមាតា ជាតិខ្មែរ កន្លងមកផងដែរ និងជាពិសេសការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីខែកុម្ភ: ឆ្នាំ២០២៣ កន្លងទៅ ដោយទទួលបាននូវលទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់៕