(ភ្នំពេញ)៖ ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំឱ្យមានព្រឹត្តិការណ៍ធំៗជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈ បង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុនផងដែរ។
ព្រឹត្តិការណ៍ធំៗ ដែលគ្រោងធ្វើឡើងក្នុងឱកាសគំរប់ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុននេះ បានបង្ហាញឡើង ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ៊ូមីអាគិ តាកាហាស្ស៉ី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ហ៊ូមីអាគិ តាកាហាស្សី បានសុំការសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួប៧០នេះ សមាគមន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
ចំពោះការស្នើសុំ សហការជុំវិញការបាញ់កាំជ្រួច ក្នុងព្រឹត្តិការណ៍ខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំនេះ លោក ឃួង ស្រេង សូមឱ្យប្រធានសមាគម ធ្វើទំនាក់ទំនងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញនឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។
លោក ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរ និងប្រជាពលរដ្ឋជប៉ុន ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត។
នៅក្នុងជំនួបពិភាក្សាការងារនេះដែរ លោក ឃួង ស្រេង ក៏បានស្នើសុំឱ្យប្រទេសជប៉ុន ពិនិត្យលទ្ធភាព ក្នុងការជួយផ្ដល់ជារថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ពិសេសរថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យ នៅអគារខ្ពស់ ដោយសារថា រាជធានីភ្នំពេញសព្វថ្ងៃនេះ មានអគារខ្ពស់ខ្ពស់កាន់តែច្រើន ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញ ខិតខំបង្កាទប់ស្កាត់គ្រោះអគ្គីភ័យអោយបានល្អបន្ថែមទៀត ស្របទៅតាមការរីកចម្រើនឥតឈប់ឈររបស់រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោក ហ៊ូមីអាគិ តាកាហាស្ស៉ី ធ្លាប់ជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០៣ ដល់២០០៧។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានសមាគមកម្ពុជា-ជប៉ុនរូបនេះ ធ្លាប់បានចូលជួបសម្តែងការគួរសមជាមួយ លោកអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ លោក កូជី កាន់សាគិ ដែលបានចូលជួបជាមួយលោកអភិបាលរាជធានី ក៏បានប្រគល់ដីមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្ថាបនា ជាសួនមិត្តភាពកម្ពុជា-ជប៉ុន។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលដី អំពីក្រុម គ្រួសារម្ចាស់ដីក្រោមអធិបតីភាព លោកអភិបាលរាជធានី។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកអភិបាលរាជធានី បានបំពាក់មេដាយ ចំនួន០៣រូប ដែលបានបរិច្ចាគជូនរដ្ឋបាលរាជធានីភ្នំពេញ និងជូនលិខិតថ្លែងអំណរគុណ ដល់សប្បុរសជន។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ឃួង ស្រេង បានឯកភាពដាក់ឈ្មោះសួនមិត្តភាពកម្ពុជា-ជប៉ុនថា KANZAKI KOJI MEMORIAL PARK ក្រោយពេលបានទទួលឈ្មោះនេះ ពីកូនប្រុសរបស់លោក តាមរយៈអ៊ីម៉ែល៕