(ភ្នំពេញ)៖ សកម្មជនក្រុមប្រឆាំងចំនួន២រូបទៀត រួមមានអ្នកស្រី ឡុង សុគន្ធា និង លោក ឡាច ជំនិត បានចេញវីដេអូថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលមានក្តីមេត្តាចំពោះពួកគេ ហើយអនុញ្ញាតឱ្យពួកគេ ចូលរួមជីវភាពនយោបាយ ជាមួួយនឹងគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អ្នកស្រី ឡុង សុគន្ធា បានលើកឡើងថា កន្លងទៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ហើយបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ដោយសារតែបានប្រើប្រាស់ពាក្យសម្តី ធ្វើឱ្យប៉ះពាល់ដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អ្នកស្រី បានធ្វើការសុំអភ័យទោសចំពោះទង្វើរបស់ខ្លួន នាពេលកន្លងទៅ ដែលបានធ្វើឱ្យប៉ះពាល់ដល់សម្តេច។
ទោះជាយ៉ាងនេះក្តី អ្នកស្រីបានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ភាពមេត្តាចំពោះខ្លួន និងអនុញ្ញាតឱ្យអ្នកស្រី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមថែរក្សាការពារសន្តិភាព និងអភិវឌ្ឍប្រទេស។
ចំណែក លោក ឡាច ជំនិត អតីតសមាជិកក្រុមប្រឹក្សាស្រុក របស់អតីតគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោផងដែរ ដែលបានអនុញ្ញាតឱ្យរូបគាត់បានចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ លោកបានប្តេជ្ញាយ៉ាងមុតមាំថា នឹងចូលរួមអនុវត្តរាល់គោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា មិនឱ្យសម្តេចខកបំណងឡើយ៕
ខាងក្រោមនេះវីដេអូរបស់ សកម្មជនក្រុមប្រឆាំងទាំងពីររូប៖