(ចិន)៖ បន្ទាប់ពីដំណើរទស្សនកិច្ច ជួបជាមួយអាជ្ញាធរអាកាសចរស៊ីវិលចិន នៅក្នុងទីក្រុងប៉េកាំងរួចរាល់ និងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Airport Group Co., Ltd. ហៅកាត់ថា YAG គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដឹកនាំដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបន្តដំណើរធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគុណមិញ ខេត្តយូណាន់ ដើម្បីជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Yunnan Airport Group Co., Ltd. ហៅកាត់ថា YAG។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សានោះបណ្ឌិត ម៉ៅ ហាវណ្ណាល់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកស្រី Zhao Yiayun ជាប្រធានប្រឹក្សាភិបាលក្រុមហ៊ុន YAG និងសហការីក្រុមហ៊ុនមួយចំនួនទៀត។ ស្ថិតក្រោមបរិយាកាសរីករាយ និងរាក់ទាក់ គណៈប្រតិភូទាំងពីរ បានពិភាក្សាស្វែងយល់លើដំណើរការ និងបទពិសោធន៍លើការសាងសង់ និងប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។
បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីបានសំដែងការអរគុណចំពោះក្រុមហ៊ុន YAG និងភាគីមិត្តចិន ចំពោះកិច្ចសហការយ៉ាងល្អ លើវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសលើការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ដែលកំពុងមានដំណើរការសាងសង់ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា សមិទ្ធផលជាក់ស្តែងទាំងនេះ ដែលកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ លើការវិនិយោគលើអាកាសយានដ្ឋានរបស់ភាគីមិត្តចិន និងស្ថេរភាពនយោបាយ សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់មួយកម្រិតថែមទៀតពី ស្មារតីមិត្តភាពដែកថែប មិនអាចបំបែកបានកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំយ៉ាងយកចិត្តទុកដាក់ ដោយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតទំនាក់ទំនងការទូត និងស្វែងរកផលប្រយោជន៍ទៅវិញទៅមក។
តំណាងឱ្យក្រុមហ៊ុន YAG និងសហការី លោកស្រី Zhao Yiayun ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនYAG បានថ្លែងសារអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងសហការីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទាំងអស់ ដែលតែងយកចិត្តទុកដាក់ ជួយជ្រោមជ្រែងគាំទ្រលើដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមកដល់ពេលនេះ គឺសម្រេចការសាងសង់បានសរហូតដល់៩៥% និងអាចឈានដល់ការបើកដំណើរការក្នុងពេលឆាប់ៗនេះ៕