(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ សមាជិកក្រុមប្រឆាំងជាច្រើន បានប្រកាសផ្តាច់ខ្លួន និងចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ ជាក់ស្តែងលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាសកម្មជនក្រុមប្រឆាំងដ៏សំខាន់ ក៏បានសម្រេចចាកចេញពីក្រុមនេះដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែរ ហើយត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ផ្តល់តំណែងជាអនុរដ្ឋលេខាធិការនៅក្រសួងការងារ និងក្រសួងរៀបចំដែនដី។ តើអតីតក្រុមប្រឆាំងមានស្ថានភាពដូចម្តេចនាពេលបច្ចុប្បន្ន? ហេតុអ្វីសមាជិកសំខាន់ៗ នាំគ្នាចាកចេញបន្តបន្ទាប់ដូច្នេះ?
នៅចុងសប្តាហ៍នេះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយលើប្រធានបទ៖ «តើអ្វីជាកត្តាដែលជំរុញឱ្យយុវជនក្រុមប្រឆាំង ផ្លាស់ប្តូរជំហរនយោបាយ» ដោយមានវាគ្មិន២រូប ដូចខាងក្រោម៖
១៖ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតបក្សសង្រ្គោះជាតិប្រចាំនៅកូរ៉េខាងត្បូង
២៖ លោក ហ៊ុន កុសល មនុស្សជំនិតរបស់ លោក កឹម សុខា
កិច្ចពិភាក្សានេះ នឹងផ្សាយផ្ទាល់លើទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង១១ដល់ម៉ោង១២យប់៕