(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ , លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយយុវជនគណបក្ស ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោះឧកញ៉ាតី។
ពិធីនេះ មានការចូលរួមពីតំណាងគណៈពង្រឹងឃុំកោះឧកញ៉ាតី អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួលក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ តំណាងគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាលនិងក្រុងអរិយក្សត្រ សមាជិកសមាជិកាក្រុមការងារយុវជនស្រុក តំណាងគណបក្សឃុំ និងសមាជិកថ្មីជាយុវជនដែលប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាថ្ងៃនេះសរុប ១៥០ នាក់។
សមាជិកសមាជិកាជាយុវជននៅក្នុងឃុំកោះឧកញ៉ាតី ដែលបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ សរុបមានចំនួន ១៩៦នាក់ ស្រី១០៣ នាក់។
បណ្ឌិត កៅ ថាច បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនចំពោះក្មួយៗជាយុវជនទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ និងរួមរស់ក្រោមម្លប់នៃសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានជាថ្លែងនូវការអបអរសាទរចំពោះសមាជិកសមាជិកាជាយុវជនថ្មី ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ។
លោកបណ្ឌិតបានជម្រាបជូនក្មួយៗជាយុវជននៅឃុំកោះឧកញ៉ាតីថា ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា៖ត្រូវខិតខំសិក្សារៀនសូត្រ ពិសេសសិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនសមត្ថភាពចំណេះដឹង, ត្រូវប្រព្រឹត្តតែអំពើល្អ អំពើជាកុសល ប្របកដោយគុណធម៌ដោយយកគំរូតាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែងប្រកាន់ខ្ជាប់ជាដរាប, ត្រូវគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងសង និងអំពើអបាយមុខគ្រប់ប្រភេទ, ត្រូវចូលរួមធ្វើសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន, គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គនាគត, ត្រូវចូលរួមសកម្មភាពលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាពល្អ បញ្ញាភ្លឺថ្លាវាងវៃ,ត្រូវចូលរួមធ្វើការងារនយោបាយ ការងារបោះឆ្នោតដើម្បីទទួលបាននូវបទពិសោធន៍និងចំណេះដឹងបន្ថែម, និងត្រូវចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាពេលខាងមុខ។
លោកបណ្ឌិត ក៏បានលើកទឹកចិត្តក្មួយៗយុវជនឱ្យចូលរួមតាមដាន និងទស្សនាព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA Games និង ASEAN Para Games នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បន្ថែមលើនេះ លោកបណ្ឌិត បានរំលឹកជម្រាបជូនក្មួយៗជាយុវជន អំពីចក្ខុវិស័យរបស់សម្តេចតេជោ នាយកដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយបានដាក់ចេញនូវចក្ខុវិស័យនៅឆ្នាំ២០៣០ នឹងប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់គណបក្សឃុំកោះឧកញ៉ាតី និងសមាជិកសមាជិកគណបក្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីផងដែរ៕