(ភ្នំពេញ)៖ បណ្តុំអង្គការសមាគមសង្គមសុីវិល ចេញលិខិតគាំទ្រចំពោះ លោក សួង សុភ័ណ្ឌ ដែលសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកថា សកម្មភាពនេះគឺជាគម្រូល្អសម្រាប់អ្នកនយោបាយ និងក្រុម NGOs និន្នាការប្រឆាំង ផ្សេងទៀត ដែលចង់ចូលរួមថែរក្សាសន្តិភាពនិងការអភិវឌ្ឍ។
លិខិតរបស់ បណ្តុំអង្គការសមាគមសង្គមសុីវិល បានឱ្យដឹងថា «យើងខ្ញុំទាំងអស់គ្នាជាយុវជនសង្គមស៊ីវិល សូមចូលរួមគាំទ្រ និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក សួន សុភ័ណ្ឌ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម។ ការរចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក គឺជាគំរូដ៏ល្អមួយសម្រាប់យុវជន សកម្មជននយោបាយ និងសកម្មជនអង្គការក្រៅរដ្ឋាភិបាលដែលមានបំណងចូលរួមរក្សា ការពារសន្តិភាព និងចូលរួមការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល»។
កន្លងមកបណ្តុំអង្គការសមាគមសង្គមសុីវិលសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាតែងតែបើកទូលាយ និងផ្ដល់ឱកាសឱ្យយុវជន សកម្មជនអង្គការក្រៅរដ្ឋាភិបាល និងសមាជិកគណបក្សផ្សេងៗមានឱកាសចូលរួមជីវភាពនយោបាយ ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នាស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាអគ្គមគ្គុទេ្ទសន៍ដ៏ឆ្នើមដែលបាននាំសន្តិភាពពិតប្រាកដមកជូនព្រះរាជាណាចក្រកម្ពុជា។
យុវជនសង្គមស៊ីវិល សូមអំពាវនាវដល់យុវជន សកម្មជននយោបាយ និងសកម្មជនអង្គការក្រៅរដ្ឋាភិបាលទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នាក៏ដូចជាចូលរួមរក្សា ការពារសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិទុកជាកេរ្តិ៍ដល់កូនចៅខ្មែរជំនាន់ក្រោយ៕