(ភ្នំពេញ)៖ លោក សួង សុភ័ណ្ឌ អតីតប្រធានគណបក្សខ្មែរឈ្នះ ដែលបានស្នើសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
លោក សួង សុភ័ណ្ឌ បានថ្លែងការណ៍ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែចង់បម្រើប្រជាពលរដ្ឋដោយផ្ទាល់។ លោក សួង សុភ័ណ្ឌ ធ្លាប់ជាអតីតសមាជិកក្រុមប្រឆាំង ដែលធ្លាប់ជាប់ពន្ធនាគារផងដែរ។ ប៉ុន្តែក្នុងវីដេអូ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ លោកប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា។ លោកមិនចង់ឃើញប្រទេសកម្ពុជា បែកបាក់ដោយសារមនោគមន៍វិជ្ជាណាមួយទេ។
បន្ទាប់ពីមានសំណើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទទួលស្វាគមន៍ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ឱ្យចូលរួមជីវភាពនយោបាយជាមួយគណកប្សប្រជាជនកម្ពុជាផងដែរ៕